Thmey Thmey 25
ទោះ​លក់ឆៃថាវបានថោក តែ​លោក រ៉ាវុធ នៅ​បន្តដាំទៀត ដើម្បី​ឲ្យមានបន្លែក្នុងស្រុក​ផ្គត់ផ្គង់លើ​ទីផ្សារ
26/02/2021 10:00 am កំពង់ស្ពឺ

ភ្នំពេញ៖ លោក ប្រាយ រ៉ាវុធ ជាអ្នកដំាឆៃថាវមួយរូប ក្នុងភូមិសំរោងពងទឹក ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក រ៉ាវុធ អះអាងប្រាប់សារព័ត៌មាន ThmeyThmey25 ថាឆ្នាំនេះ ឆៃថាហុចផលច្រើន ប៉ុន្តែតម្លៃបែរជាថោកទៅវិញ។ កសិកររូបនេះ ថាខ្លួនលក់ឆៃថាវបានថ្លៃ ៥០០រៀល ទៅ៦០០រៀល ដែលជាតម្លៃទាបសម្រាប់លោក ក៏ដូចជាកសិករផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រកសិកម្មរូបនេះ អះអាងថា នៅតែបន្តដាំនៅរដូវក្រោយទៀត ដើម្បីឲ្យមានផលិតផលសុវត្ថិភាពក្នុងស្រុក ផ្គត់ផ្គង់នៅលើទីផ្សារ។

លោក ប្រាយ រ៉ាវុធ ចាប់ផ្ដើមការដំាឆៃថាវជិត១០ឆ្នាំហើយ នៅក្នុងភូមិសំរោងពងទឹក ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក រ៉ាវុធ ប្រាប់សារព័ត៌មាន ThmeyThmey25 ថា សព្វ​ថ្ងៃ ឆៃថាវដែលខ្លួនដាំបាន លក់បាន​តម្លៃ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈកាលពីដើមខែកុម្ភៈ លោកអាចលក់បាន៦០០រៀល។ ជាតម្លៃទាប ដែលលោក ប្រាយ រ៉ាវុធ អះអាងថា លោកបង្ខំដកឆៃថាវទាំងខាតដើម។

តាមលោក រ៉ាវុធ លោកដាំឆៃថាវ នៅលើដីប្រមាណ​៣៧អា ហើយលោកអាចប្រមូល​ផល និងលក់បានប្រមាណ​ ៦លានរៀល។ លោក ប្រាយ រ៉ាវុធ បញ្ជាក់ដូច្នេះថា៖«លក់បាន៦លានហ្នឹង អត់​ចំណេញទេ ខាតតែម្តង។ តែបើលក់បានតម្លៃ៧០០(រៀល)អី ប្រហែលជារួចខ្លួន ឬចំ​ណេញ​តិចតួច​»។

តម្លៃទាបជារឿងមួយ ប៉ុន្តែបញ្ហាធ្ងន់ជាងនេះទៅទៀតនោះ គឺឆៃថាវមិនមានឈ្មួញ​ទទួលទិញទៅទៀត។ «លើកមុននោះ ប្រមូលផលអត់ទាន់អស់ទេ អត់អ្នកទិញ នៅសល់៥-៦តោន ទៀត ។ ប្រមូលផលខែមុន មិនទាន់អស់ផង ឆៃថាវថ្មីចាប់ផ្ដើមដកលក់ទៀត តម្លៃក៏ចុះថោក»។ នេះបើតាមកសិករដំាឆៃថាវ ប្រាយ រ៉ាវុធ។

បើទោះបីជា​ផលបន្លែរបស់ខ្លួនលក់បានតម្លៃទាប តែ លោក រ៉ាវុធ ថាលោកនៅតែបន្តការដំាដុះ ដដែលនៅរដូវក្រោយ ក្រោមហេតុផលថា ខ្លួនចង់ឲ្យមានផលិតផលបន្លែសុវត្ថិភាពក្នុងស្រុក សម្រាប់ប្រជាជនបរិភោគ។  លោក ប្រាយ រ៉ាវុធ រៀបរាប់ដូច្នេះ៖«ទោះបីជាមានតម្លៃទាបមែន តែខ្ញុំនៅតែផលិត ដើម្បីឲ្យមានផលិតផលក្នុងស្រុកខ្លួនឯង និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស។ ខ្ញុំគាំទ្រ ចំពោះការនាំចូល តែកុំនាំចូលហួសតម្រូវការអី»​។

​លោក រ៉ាវុធ អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រកសិកម្មអះអាងថា ការដាំដុះរបស់ខ្លួន គឺស្របតាមច្ចេក​ទេសត្រឹមត្រូវ និងជាបន្លែដាំលើគោលការណ៍សុវត្តិភាព សម្រាប់អ្នកបរិភោគ ស្របតាមបច្ចេកទេសរបស់ក្រសួងកសិកម្ម។ ចំពោះគោលកាណ៍សុវត្ថិភាព លោក រ៉ាវុធថា ការដំាដុះប្រើប្រាស់ថ្នាំគីមីដែលស្របតាមកម្រិតកំណត់ដោយក្រសួងកសិកម្ម និងការប្រើប្រាស់ថ្នាំពុលធម្មជាតិដោយផលិតដោយខ្លួនឯង។ បើទោះជាការដាំដុះ ស្របតាមបច្ចេកទេសអាចឲ្យលោកទទួលបានទិន្នផលច្រើន​ តែផលិត​ផល​ទាំងនោះ នៅតែប្រឈម​បញ្ហាចម្បងចំនួន២ គឺទីផ្សារ និងការបំផ្លាញពី​សត្វល្អិត៕


ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com