Thmey Thmey 25
វាលស្មៅពណ៌មាសនៅ«ខ្នងផ្សា» នារដូវប្រាំង
23/02/2021 2:00 pm កំពង់ស្ពឺ កំពង់ស្ពឺ៖ រដូវវស្សាបានកន្លងផុតទៅ រដូវប្រាំងក៏ចូលមកដល់។ តំបន់ដែលធ្លាប់តែគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតង ក៏បានផ្លាស់ប្តូរ ទៅជាពណ៌មាស ហើយក៏បានធ្វើឱ្យសម្រស់នៃ តំបន់ខ្នងផ្សាកាន់តែស្រស់ស្អាត អមជាមួយនឹងព្រៃឈើតូចធំ ជ្រលងភ្នំទាបខ្ពស់ និងខ្យល់អាកាសបរិសុទ្ធពីកំពូលភ្នំនោះ។

ទោះជារដូវប្រាំង នៅតាមផ្លូវឡើងភ្នំខ្នងផ្សា មានសភាពក្តៅបន្តិចក៏ពិតមែន តែភ្ញៀវទេសចរ នៅតែបន្តមកទស្សនា នូវទិដ្ឋភាពវាលពណ៌មាសនេះ មិនខ្លាចនឿយហត់។ ក្រៅពីទិដ្ឋភាពវាលស្មៅពណ៌មាសដែលដុះគ្របជ្រលងភ្នំ អ្នកទេសចរក៏អាចទស្សនានូវថ្ងៃរះ ថ្ងៃលិច និងទស្សនាបណ្តុំផ្កាយ(Milky Way) យ៉ាងស្រស់ស្អាតនាពេលរាត្រីបានទៀតផង។ 

សូមបញ្ជាក់ថា ដើម្បីទៅដល់ខ្នងផ្សា ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ បត់ស្តាំ ប្រមាណ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេង មានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ លោក-អ្នក ត្រូវធ្វើដំណើរបត់ចូលតាមច្រកឱរ៉ាល់ ប្រហែល ៥០គីឡូម៉ែត្រ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ ទេទឹកពុះ នឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕ 

សូមអញ្ជើញទស្សនារូបភាពដូចខាងក្រោម៖











 
ដោយ៖ ប៉ាន់ បូនី © រក្សាសិទ្ធិដោយ thmeythmey25.com