Thmey Thmey 25
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ ដែលមានសភាពទ្រុឌទ្រោមខ្លាំង 
23/02/2021 11:30 am សៀមរាប ភ្នំពេញ៖ ខ្លោងទ្វាររតាកាវ នៃក្រុងអង្គរធំដែលមានសភាពទ្រុឌទ្រោម បានចាប់ផ្តើមការជួសជុលឡើងវិញហើយ ក្រោមការសហការរវាងអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន។ ការជួសជុលខ្លោងទ្វាររនេះ គឺគ្រោងចំណាយពេល២ឆ្នាំ។

ខ្លោងទ្វារតាកាវ ដែលមានសភាពទ្រុឌទ្រោមខ្លាំង បានចាប់ផ្តើមដំណើរការជួសជុលហើយ នៅថ្ងៃទី២១ កុម្ភៈ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សារា និងវិស័យឯកជន។ ពិធីក្រុងពាលីជួសជុលខ្លោងទ្វាររតាកាវ  ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ននេះ ត្រូវបានធ្វើឡើង  នៅថ្ងៃទី២១ ខែកុម្ភៈ។ 

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិបានប្រាប់សារព័ត៌មានThmeythmey25ថា ការជួសជុលខ្លោងទ្វាររនេះ គឺគ្រោងចំណាយពេល២ឆ្នាំ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានដឹងពីទំហំចំណាយសម្រាប់ជួលជុសខ្លោងទ្វាររដ៏ចំណាស់នេះទេ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖« ការដែលជួសជុលខ្លោងទា្វរតាកាវនេះ មិនមានការប៉ះពាល់អ្វីដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរនោះទេ។ ខ្លោងទ្វាររនេះ ត្រូវបានបិទដំណើរការចរាចរណ៍សម្រាប់ រ៉ឺម៉ក រថយន្តទាំងធុនតូច និងធុនធំ ប្រហែលជា២ ទៅ៣ឆ្នាំហើយ ដោយសារវាមានស្ថានភាពទ្រុឌទ្រោមខ្លាំង។ ដូច្នេះយើងពុំអនុញ្ញាត ឲ្យមានចរាចរណ៍ណា ដែលអាចធ្វើឲ្យមានការប៉ះពាល់ រហូតដល់បង្កសំឡេងរំញ័រ ឬក៏កម្លាំងម៉ាស៊ីនរំញ័រ ទៅដល់រចនាសម័្ពន ខ្លោងទ្វារនោះទេ»។

ជុំវិញសភាពទ្រុឌទ្រោមរបស់ខ្លោងទ្វារតាកាវនេះ អាជ្ញាធរជាតិអប្សរាពន្យល់ថាមកពីកត្តាអាកាសធាតុ អាយុកាល សង្គ្រាម កង្វះការថែទាំ និងមាន ដើមឈើដុះឡើងរហូតធ្វើឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនដួលរលំ ហើយក៏ធ្វើឱ្យរចនាសម្ព័ន្ធខ្លោងទ្វាររមួយភាគធំ ពិសេសរូបដំរីទាំង៤ រងនូវការខូចខាតជាខ្លាំង ដែលតម្រូវឲ្យជួសជុល និងអភិរក្ស។ 

តាមលោក ឡុង កុសល នៅក្រុងអង្គរធំ មានខ្លោងចំនួន៥ ដែល ការចេញចូលចម្បងបំផុតបច្ចុប្បន្នគឺ ខ្លោងទ្វារខាងជើង-ត្បូង និងខ្លោងទ្វាររជ័យ។ ខ្លោងទ្វារខាងត្បូង ហៅថាខ្លោងទ្វារទន្លេអុំ។ ចំណែកខ្លោងទ្វារខាងជើងហៅថា ខ្លោងទ្វារដីឆ្នាំង ហើយផ្លូវមួយទៀតដែលគេតែងតែចរាចរណ៍ដែរ ហៅថាខ្លោងទា្វរជ័យ ដែលស្ថិតនៅប៉ែកខាងកើត នៃក្រុងអង្គរធំ៕
 
ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com