Thmey Thmey 25
ផលិតផលខ្មែរនឹងបង្ហាញវត្តមានក្នុងពិព័រណ៍លំដាប់ពិភពលោក នៅទីក្រុងដូបៃ ដើមខែតុលា
22/02/2021 4:00 pm ភ្នំពេញ ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមលក្ខណៈចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងដូបៃនៃសហភាពអារ៉ាប់រួម នាថ្ងៃទី១តុលា ឆ្នាំ២០២១ ដោយមានជិត២០០ប្រទេស និងអង្គការអន្តរជាតិធំៗចូលរួម។  នេះបើតាមការចុះផ្សាយរបស់ក្រសួងក្រសួងពាណិជ្ជកម្ម ដោយបន្ថែមថា កម្មវិធីពិព័រណ៍លំដាប់ពិភពលោកនេះ   រំពឹងមានមនុស្ស ប្រមាណ២៥លាននាក់ចូលរួមទស្សនា។

សម្រាប់ពិរណ៍នេះ កម្ពុជាគ្រោងរៀបចំសាងសង់ពន្លាជាតិនៅលើផ្ទៃដីទំហំជិត៤០០ម៉ែត្រការ៉េ មានកម្ពស់២ជាន់។ ពន្លានោះនឹងរៀបចំតុបតែងលម្អពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូល៤សម័យកាល។ ក្នុងនោះមានសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែកឬឧត្តុង្គ និង សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន រួមផ្សំដោយសម្រស់ធម្មជាតិប្រព័ន្ធEcosystem និងវិស័យកសិកម្ម ដើម្បីទាក់ទាញអ្នកទស្សនា និងស្របតាមប្រធានបទដែលបានជ្រើសរើសគឺ«ចីរភាព (Sustainability)»។ 

គណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំនិងចូលរួមពិព័រណ៍ពិភពលោកនេះ ដែលមានលោក ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាប្រធាននោះ បានសម្រេចជ្រើសរើសយកក្រុមហ៊ុនPICO International Malaysia ជាអ្នកទទួលការសាងសង់ រចនាតុបតែងពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក នៅឌុយបៃនេះ៕ 

 
ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com