Thmey Thmey 25
ម្ទេសនៅបាត់ដំបងបន្តមានតម្លៃខ្ពស់ ខណៈបន្លែមួយចំនួនធ្លាក់ចុះ
13/02/2021 11:00 am ភ្នំពេញ តំបន់មួយចំនួនក្នុងខេត្តបាត់ដំបងកន្លងមក បានជួបគ្រោះទឹកជំនន់មិនអាចដាំដុះដំណាំម្ទេសបាន ខណៈតម្រូវការម្ទេសមានការកើនឡើង បានធ្វើឲ្យម្ទេសមានតម្លៃខ្ពស់ចាប់ពី ១២ ០០០ទៅ ១៥ ០០០រៀលក្នុងមួយគីឡូក្រាម។  នេះបើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង។

បាត់ដំបងជាខេត្តមួយនាំមុខគេក្នុងវិស័យកសិកម្ម ដោយសារកន្លងមកកម្ពុជាបានជួបគ្រោះទឹកជំនន់បានធ្វើឲ្យដំណាំកសិកម្មជាច្រើនហិកតារងការខូចខាត ក្នុងនោះក៏មានដំណាំម្ទេសផងដែរ។ បច្ចុប្បន្នខេត្តបាត់ដំបងមានផ្ទៃដីដាំដុះមេ្ទសដូចជា ស្រុកបាណន់៨៧ហិកតា, សង្កែ២៤៤ហិកតា, ឯកភ្នំ១១ហិកតា, រតនមណ្ឌល,៤ហិកតា, សំឡូត១២ហិកតា, សំពៅលូន៥ហិកតា, បវេល១៣ហិកតា, ថ្មគោល៤ហិកតា, មោងឫស្សី៣ហិកតា និងក្រុងបាត់ដំបង២ហិកតា។ នេះបើតាមមន្ទីរកសិកម្មខេត្តបាត់ដំបង។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានលើកឡើងថា ម្ទេសមានតម្លៃខ្ពស់ចាប់ពី១២ ០០០រៀលទៅ១៥ ០០០រៀលក្នុងមួយគីឡូក្រាម ដោយសារតំបន់មួយចំនួនរងការខូចខាតដោយសារទឹកជំនន់ និងមិនអាចដាំដុះបាន និងតម្រូវការម្ទេសមានការកើនឡើង។ «ដោយឡែកបន្លែមួយចំនួនមានការធ្លាក់ចុះតម្លៃ ដោយសារមានឈ្មួញខ្លះមិនស្មោះត្រង់ និងតំបន់ខ្លះមានអំណោយផលច្រើនដល់ការដំាដុះបន្លែ ធ្វើឲ្យការផលិតជោរជន់ក្នុងរយៈពេលខ្លី។ ថ្មីៗនេះតម្លៃតាសក់ចាប់ផ្តើមកើនឡើងវិញពី៣០០រៀលទៅ៦០០រៀលក្នុងមួយគីឡូក្រាម»។ នេះជាការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មបាត់ដំបង។



ក្រុមការងារនៃមន្ទីរកសិកម្ម បានណែនាំឲ្យកសិករកាត់បន្ថយថ្លៃដើមក្នុងផលិតកម្ម ដោយចងក្រងកន្លែងប្រមូលផ្តុំ និងវេចខ្ចប់។ បន្ថែមលើនេះ ត្រូវរៀបចំឲ្យមានផលិតកម្មកសិកម្មតាមកិច្ចសន្យា និងទំនាក់ទំនងជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម លើបច្ចេកទេសកសិកម្ម ដើម្បីឲ្យការផលិតមានភាពប្រសើរឡើង។ 

ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះដំណាំម្ទេសសរុបចំនួន ៥៥៥ហិកតា និងទទួលបានទិន្នផលជាមធ្យមចំនួន ២.៩៨២តោនក្នុងមួយហិកតា និងបរិមាណផលចំនួន១ ៦៥៥តោន។ ក្នុងនោះផ្ទៃដីដាំដុះដំណាំម្ទេសរដូវវស្សាមានចំនួន១៧០ហិកតា ទទួលបានទិន្នផលជាមធ្យមចំនួន២.៦៤១តោន។ ដោយឡែកផ្ទៃដីដាំដុះដំណាំម្ទេសរដូវប្រាំងមានចំនួន ៣៨៥ហិកតា ទទួលបានទិន្នផលជាមធ្យមចំនួន ៣.៤២៤តោន។ នេះបើតាមមន្ទីរកសិកម្មខេត្តបាត់ដំបង៕




 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com