Thmey Thmey 25
អាជ្ញាធរជាតិអប្សរា នឹងកែលម្អបរិវេណព្រះលានជល់ដំរី ដោយប្រើពេល ៦ខែ
20/01/2021 3:37 pm សៀមរាប សៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ដើម្បីរៀបចំគម្រោងកែលម្អបរិវេណព្រះលានជល់ដំរីឡើងវិញ ក្នុងគោលបំណងបង្កើនសោភណ្ឌភាពឲ្យល្អប្រសើរ ដើម្បីថែរក្សាសំណង់ប្រាសាទដែលមានក្នុងបរិវេណឲ្យបានយូរអង្វែង និងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរ។ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងកែលម្អនៅបរិវេណព្រះលានជល់ដំរី មានភាពស្រដៀងគ្នាទៅនឹងគម្រោងកែលម្អមុខប្រាសាទអង្គរវត្ត ដោយមានរៀបចំដាំស្មៅ រួមនឹងស្ថាបនាផ្លូវក្បែរព្រះលានជល់ដំរីផងដែរ។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី អ្នកសារព័ត៌មាននៃសារព័ត៌មានThmeyThmey25 ជាមួយ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដូចតទៅ៖
 


លោក យិត ចាន់ដារដ្ឋ បានពន្យល់ថា អាជ្ញាធរជាតិអប្សរា បានសិក្សាពីហានិភ័យដែលកំពុងកើតមាននៅលើផ្លូវសព្វថ្ងៃ ដែលការចរាចរណ៍នៅកៀកតួប្រាសាទ ដែលបង្កផលប៉ះពាល់ដោយសំឡេងញ័រ ដល់ថ្មប្រាសាទជាដើម។ អាជ្ញាធរ បានស្ថាបនាផ្លូវថ្មីជំនួស គឺលើផ្លូវដីក្រហមសព្វថ្ងៃ ដែលមានទីតាំងមុខ បរិវេណប្រាសាទសួរព្រ័ត១២ ឆ្ពោះទៅមុខប្រាសាទព្រះពិធូរ បត់ឆ្វេងឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង។ ចំណែកផ្លូវចាស់ អាជ្ញាធរកំពុងរៀបចំកែប្រែ ក្រាលថ្ម ដាំស្មៅ លម្អបរិស្ថានលានជល់ដំរី ឱ្យកាន់តែមានភាពទាក់ទាញ។

គម្រោងកែលម្អនេះ គឺចាប់ពីចំណុចមុខខាងជើងនៃប្រាសាទបាយ័ន រហូតដល់មុខប្រាសាទព្រះពិធូរ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និងគ្រោងបញ្ចប់ទាំងស្រុងក្នុងរយៈពេល ៦ខែខាងមុខ។ ក្រៅពីគម្រោងកែលម្អបរិវេណព្រះលានជល់ដំរី អាជ្ញាធរជាតិអប្សរាមានគម្រោងកែលម្អផ្លូវនានា ក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពងាយស្រួលផងដែរ ក្នុងឆ្នាំ២០២១។ នេះបើតាមលោក យិត ចាន់ដារដ្ឋ ។



ព្រះលានជល់ដំរី បានសាងសង់ឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ទីតាំងនេះ ជាកន្លែងព្រះបាទជ័យវរ្ម័នទី៧ យាងទតកងទ័ពមុនពេលចេញធ្វើសង្គ្រាម និងត្រឡប់មកពីធ្វើសង្គ្រាមវិញ និងជាកន្លែងសំខាន់សម្រាប់ប្រារព្ធពិធីផ្សេងៗ។ បច្ចុប្បន្នទីតាំងនេះជាទីតាំងមួយដែលពេញនិយមសម្រាប់ភ្ញៀវទេសចរ ព្រោះមានប្រាសាទជាច្រើនព័ទ្ធជុំវិញមានដូចជាប្រាសាទបាយ័ន ប្រាសាទបាភួន ប្រាសាទព្រះពិធូរ ប្រាសាទភិមានអាកាស ប្រាសាទសួរព័ត្រ ជាដើម៕





ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com