Thmey Thmey 25
កសិករ​៖ បន្លែ​លើទឹក ងាយ​ថែ ទិន្នផល​ខ្ពស់ តែ​ត្រូវមាន​បច្ចេកទេស​ច្បាស់ និង​ដើមទុន​ច្រើន​
12/01/2021 4:00 pm ភ្នំពេញ
​ភ្នំពេញ​៖ ការដាំដុះ​បន្លែ​លើទឹក (Hydroponic) ជា​ការដាំដុះ​មួយបែប​ដែល​ចាប់ផ្តើម​និយម​នៅ​កម្ពុជា​។ កសិករ​ដែល​កំពុង ដាំ​បន្លែ​លើទឹក សុទ្ធតែ​អះអាងថា បន្លែ​លើទឹក​ងាយស្រួល​ដាំ និង​ថែទាំ ពិសេស​ទទួលបាន​ទិន្នផល​ច្រើន និង​តម្លៃ​ខ្ពស់ជាង​បន្លែ​ដាំ​លើដី​ទៀតផង​។ យ៉ាងណាក៏ដោយ​ដើម្បី​ដាំ​បន្លែ​លើទឹក ទទួលបាន​ទិន្នផល​ខ្ពស់ គឺមាន​បច្ចេកទេស​ផ្សេងៗ និង​ដើមទុន​ខ្ពស់​។

​អ្នកស្រី អុន ផល្លី បានចាប់ផ្តើម​ដាំ​បន្លែ​លើទឹក ឬ​ហៃ​ត្រូ​ផូ​និក​(Hydroponic) ជិត​១​ឆ្នាំ​មកហើយ នៅក្នុង​រោងបន្លែ​ទំហំ​១២​ម៉ែត្រ គុណ​នឹង ១៩​ម៉ែត្រ​។ កសិដ្ឋាន​បន្លែ​លើទឹក​របស់​ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ មាន​ដាំ​បន្លែ​ចម្រុះ ដូចជា​សាលាដ​ធម្មតា និង​សាលាដ​ពណ៌​ស្វាយ ស្ពៃ​តឿ ខាត់ណា​ស្លឹក និង​ស្ពៃក្រញាញ់ ជាដើម​។កសិករ​ដែល​រស់នៅក្នុង​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 ថា​ការដាំ​បន្លែ​លើទឹក ងាយស្រួល​ថែទាំ និង​ត្រូវការ​កម្លាំង​ពលកម្ម​តិច ខុសពី​បន្លែ​ដាំ​លើដី​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន រាប់​តាំងពី​រៀបចំ​ដី​ដាំ​ដុះ និង​ស្រោចស្រព​រាល់ថ្ងៃ ពិសេស​បញ្ហា​សត្វល្អិត​តែម្តង​។
 
​កសិករ​រូបនេះ បន្ថែមទៀតថា បន្លែ​លើទឹក​នេះ ក៏​ផ្ដល់​ទិន្នផល​ខ្ពស់ និង​មានតម្លៃ​ថ្លៃ​ជាង បន្លែ​ដាំ​លើដី​ផងដែរ​។ អ្នកស្រី អុន ផល្លី បញ្ជាក់​ប្រាប់​សារព័ត៌មាន​ThmeyThmey25 បន្ថែម​៖ «​តម្លៃ​លក់​លើ​ទីផ្សារ លក់បាន​តម្លៃ​ថ្លៃ​គួរសម ដោយ​សាលាដ​ធម្មតា​លក់បាន​តម្លៃ​ប្រមាណ​ពី ៥,០០០ ទៅ ៨,០០០​រៀល​។ ចំណែក​សាលាដ​ពណ៌​ស្វាយ អាច​លក់បាន​តម្លៃ​រហូតដល់ ១២,០០០​រៀល និង​ប្រភេទ​ស្ពៃ ផ្សេងទៀត លក់បាន​តម្លៃ​ប្រមាណ​ជា ៦,០០០​រៀល​ដែរ​»​។​

អ្នកស្រី អុន ផល្លី កសិករដាំណាំហៃត្រូផូនិកនៅខេត្តកំពង់ធំ

​ការដាំ​បន្លែ​លើទឹក ទទួលបាន​ទិន្នផល​ខ្ពស់ និង​លក់បាន​តម្លៃ​ថ្លៃ​លើ​ទីផ្សារ​ពិតមែន តែ​ក៏​ប្រឈម​នឹង​បញ្ហា​ការលក់​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកស្រី ផល្លី​។ អ្នកស្រី​បន្តថា​៖«​ពេល​ខ្ញុំ​ចាប់ផ្ដើម​ប្រមូល​ផល ២ ឬ ៣​ខែ​ដំបូង មិនទាន់មាន​គេ​ស្គាល់ ហើយក៏​គេ​អត់​ទាន់​ទុកចិត្ត​លើ​បន្លែ​នេះដែរ​។ ដល់ពេល​ក្រោយៗ​មកទៀត បន្ទាប់ពី​បាន​ហូប​រួចមក ពួកគាត់​និយាយថា បន្លែ​លើទឹក​នេះ​មាន​រសជាតិ​ឆ្ងាញ់ សុវត្ថិភាព គ្មាន​ជាតិគីមី ហើយ​ងាយស្រួល​លាង​សម្អាត​ទៀត​»​។ 



​លោក ម៉េង ភ័​ស្ត ជា​អ្នក​ដាំ​បន្លែ​លើទឹក​មួយរូប​ទៀត​នៅក្នុង​ខេត្តព្រៃវែង ក៏​យល់ស្រប​នឹង​ការលើកឡើង​របស់​អ្នកស្រី ផល្លី ដែរ​ថា ការដាំ​បន្លែ​លើទឹក​ងាយស្រួល បាន​ផល​ច្រើន និង​តម្លៃ​ខ្ពស់ជាង​បន្លែ​លើដី​។ ម្ចាស់​កសិដ្ឋាន​បន្លែ​លើទឹក​រូបនេះ​បន្ថែមទៀត បន្លែ​លើទឹក ក៏​ធន់​នឹង​អាកាសធាតុ​ក្តៅ​ផងដែរ ដោយសារ​វា​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​រោង​មាន​ដំបូល ការពារ​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​បាន ហើយក៏​គេច​ផុតពី​ការបំផ្លាញ​ពី​សត្វល្អិត​ដែរ​។​

​ទោះយ៉ាងណា​ក៏ដោយ មិនមែន​កសិករ​ចង់​ដាំ​ដុះ ក៏​អាច​ចាប់ផ្តើម​ភ្លាម​នោះទេ​។ បើតាម​លោក ភ័​ស្ត ការដាំ​បន្លែ​លើទឹក គឺ​ទាមទារ​ឲ្យ​កសិករ​ចេះ​នូវ​បច្ចេកទេស​ដាំ​ដុះ និង​ជាពិសេស​ពាក់ព័ន្ធ​នឹង​តម្រូវការ​ទុន​ច្រើន ក្នុង​ការដំឡើង​ប្រព័ន្ធ​ទឹក និង​សង់រោង​ជាដើម​។ លោក ភ័​ស្ភ បន្ថែមថា​៖«​ការដាំ​បន្លែ​លើទឹក វា​ងាយស្រួល តែ​ត្រូវការ​ដើមទុន​ចាប់ផ្ដើម​អស់​ច្រើន​គួរសម ដើម្បី​សង់រោង និង​ដំឡើង​ប្រព័ន្ធ​ដាំ​ដុះ​នេះ​»​។​



​ទាក់ទង​នឹង​ការចំណាយ​ទុន​នេះ អ្នកស្រី ផល្លី បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25​ថា ខ្លួន​ចាយ​លើ​ការសាងសង់​រោង និង​សម្ភារ​ផ្សេងៗ អស់​ជាង ១​ម៉ឺន​ដុល្លារ នៅលើ​ទីធ្លា​ដែល​ខ្លួន​កំពុង​ដាំ​ដុះ​បន្លែ​បច្ចុប្បន្ន ពោលគឺ​បណ្ដោយ ១៩​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ​។ ទោះបីជា​ការដាំ​ដំណាំ​ហៃ​ត្រូ​ផូ​និក មានគុណ​ភាពល្អ និង​ថ្លៃ​ជាង​បន្លែ​ដាំ​លើដី តែ​កសិករ​ដែល​ដាំ​ដុះ​របៀបនេះ នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ជាក់ស្តែង នៅ​ក្នង​ខេត្តកំពង់ធំ កសិករ​មួយចំនួន ដែល​កំពុង​ដាំ​បន្លែ​លើទឹក គឺ​ទទួលបាន​ជំនួយ​សម្ភារ​ពី​អង្គការ​ដៃគូ ដើម្បី​សង់រោង និង​រៀបចំ​បច្ចេក​មួយចំនួន ដោយសារតែ​ខ្វះខាត​ទុន​។ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​ដូច្នេះ​។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បន្តថា​៖«​ការសាងសង់​តម្រូវការ​ថវិកា​ច្រើន ដូចនេះ​ទើប​គ្រួសារ​មួយចំនួន​ស្ថិតក្រោម​ជំនួយ​សម្ភារ​ពី​អង្គការ​ដៃគូ និង​ជំនួយ​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផ្ទាល់​»​។​

​ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកទឹកចិត្ត​ដល់​កសិករ ក្នុង​ការដាំដុះ​បន្លែ​ហៃ​ត្រូ​ផូ​និក ដោយ​មើលឃើញថា ការដាំ​ប្រភេទ​នេះ ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ កាត់បន្ថយ​ពី​បញ្ហា​ប៉ះពាល់​ពី​សត្វល្អិត​បំផ្លាញ ហើយក៏​ផ្ដល់​បន្លែ​សុវត្ថិភាព គ្មាន​ជាតិគីមី ព្រមទាំង​លើកទឹកចិត្ត​ប្រជាជន​ដាំ​ដុះ​បន្លែ​ខ្លួនឯង ដើម្បី​លើកកម្ពស់​ដល់​ការប្រើប្រាស់​បន្លែ​ក្នុងស្រុក​៕  
ដោយ៖ ស៊ុ​ល រ៉​វី​ © រក្សាសិទ្ធិដោយ thmeythmey25.com