Thmey Thmey 25
ផ្តើម​ពី​ការស្រឡាញ់​បរិស្ថាន អ្នកស្រី សុ ថា​រី បាន​បង្កើត​សិប្បកម្ម​ច្នៃ​សំបក​កង់ឡាន​ទៅជា​ធុងសំរាម​
20/02/2021 1:00 pm ភ្នំពេញ ​ភ្នំពេញ​៖ អ្នកស្រី សុ ថា​រី ជា​ម្ចាស់​សិប្បកម្ម​ធុង​បរិស្ថាន ដែលជា​សិប្បកម្ម​មួយ​កែច្នៃ​ធុងសំរាម​ពី​សំបក​កង់ឡាន​ដោយ​គេ​បោះចោល​។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន Thmeythmey25 ថា​អ្នកស្រី​បង្កើត​សិប្ប​កម្មនេះ​ឡើង គឺ​ព្រោះតែ​ខ្លួន​ស្រឡាញ់ និង​ចង់​ចូលរួម​ថែរក្សា​បរិស្ថាន​។ ម្យ៉ាងទៀត ក៏​ចង់​បង្កើត​ឲ្យ​មាន​ផលិតផល​ដែលជា​ស្នាដៃ​ខ្មែរ កាន់តែច្រើន​នៅលើ​ទីផ្សារ​ផងដែរ​។​

​អ្នកស្រី សុ ថា​រី គឺជា​ស្ត្រី​មេម៉ា​យ​មួយរូប ដែល​បាន​ប្រឹងប្រែង​បង្កើត​សិប្បកម្ម​កែច្នៃ​សំបក​កង់ឡាន​បរិស្ថាន​ឡើង​។ សិប្ប​កម្មនេះ មាន​ទីតាំង​ផលិត​នៅក្នុង​ភូមិ​ចំបក់ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ទីក្រុង​ភ្នំពេញ​។ អ្នកស្រី សុ ថា​រី ដែលមាន​វ័យ​៣៣​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 តាម​ទូរ​សព្ទ​ថា ខ្លួន​បាន​តស៊ូ​បង្កើត​សិប្បកម្ម​នេះ​ប្រមាណ​១០​ឆ្នាំ​មក ជាមួយនឹង​ដើមទុន​សន្សំ​ដែលមាន​អ្នកស្រី​មាន​កាលណោះ តែ​១៤០​ដុល្លារ​ប៉ុណ្ណោះ​។​

​អ្នកស្រី សុ ថា​រី ពន្យល់​មូល​ហេតុដែល​អ្នកស្រី សម្រេច​បង្កើត​សិប្បកម្ម​កែច្នៃ​ខុសពី​គេ​នេះ ដូច្នេះ​ថា​៖«​ហេតុផល​សំខាន់​ដំបូង​ដែល​ខ្ញុំ​បង្កើត​អាជីវ​កម្មនេះ គឺ​កើតចេញពី​ក្តី​ស្រលាញ់​ចេញពី​បេះដូង ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​ទឹកចិត្ត​ស្រលាញ់ ការពារ​បរិស្ថាន និយាយ​ទៅ​ឲ្យ​តែ​ការងារ​ទាក់ទង​ជាមួយ​បរិស្ថាន ខ្ញុំ​ចូលចិត្ត​ណាស់​។ ខ្ញុំ​មើលឃើញថា កង់ឡាន​ដែលជា​កាកសំណល់​មួយ ដែល​បង្ក​ការប៉ះពាល់​ខ្លាំង​ទៅដល់​សង្គម ទោះបីជា​យើង​បោះ​វា​ចោល ទុក​វា​យូរ​រាប់​ឆ្នាំ ក៏​វា​អត់​រលាយ​ទៅណា​ដែរ​។ ម្យ៉ាងទៀត អត់​សូវ​ឃើញ​មាន​អាជីវក​ម្មណា ដែល​យក​សំបក​កង់ឡាន ដែល​លែង​ប្រើប្រាស់​ទៅ​កែច្នៃ​ឡើងវិញ​ឡើយ​»​។​



​ស្ត្រី​រូបនេះ​បន្តថា សិប្បកម្ម​ធុង​បរិស្ថាន ក៏បាន​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​ក្នុងស្រុក​ដែរ ដែល​ភាគច្រើន​ជា​អ្នកធ្វើ​ស្រែចម្ការ និង​កាត់បន្ថយ​ចំណាកស្រុក​ផងដែរ​។​

​ធុងសំរាម​បរិស្ថាន ត្រូវបាន​កែច្នៃ​ជា​២​ខ្នាត ដែល​ធុង​តូច​មានតម្លៃ​២៥​ដុល្លារ ហើយ​ធុង​ធំ​មានតម្លៃ ៣៥​ដុល្លារ​។ នេះ​បើតាម​អ្នកស្រី សុ ថា​រី ដោយ​អ្នកស្រី​បន្តទៀតថា ជាទូទៅ​ក្នុង​មួយថ្ងៃ​អាច​លក់បាន​ពី​២០ ទៅ ៣០​ធុង ប៉ុន្តែ​ក្នុង​វិបត្តិ​កូ​វីដ​-១៩ បរិមាណ​លក់បាន​ធ្លាក់​មក​នៅត្រឹម​ក្រោម​១០​ធុង​ប៉ុណ្ណោះ​។​

​ទោះជា​កំពុង​ជួប​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដូចនឹង​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់ ដោយសារ​កូ​វីដ​-១៩ ដទៃទៀត​ក្តី ក៏​អ្នកស្រី សុ ថា​រី នៅតែ​តស៊ូ ឥត​រួញរា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ផលិតផល​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះ កាន់តែ​ត្រូវបាន​ទទួលស្គាល់​។ ម្ចាស់​សិប្បកម្ម​រូបនេះ អះអាង​ដូច្នេះ​៖«​ធុង​បរិស្ថាន​នេះ ជា​ផលិតផល​ក្នុងស្រុក​មួយ ដែល​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​។ បើសិនជា​យើង​ព្យាយាម​លើកស្ទួយ និង​ជួយ​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ គឺ​ស្មើនឹង​យើង​បាន​ជួយ​លើកកម្ពស់​ផលិត​ក្នុងស្រុក ឲ្យ​វា​មានតម្លៃ​លើ​ទីផ្សារ ហើយ​ត្រូវបានគេទទួលស្គាល់​ច្រើន​»៕



ដោយ៖ ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com