Thmey Thmey 25
ធ្វើ​កញ្ចុះ​ឫស្សី​លក់ ធ្វើ​ឲ្យ​លោក វ៉ាន់ ស៊ីនួន មាន​ជីវភាព​ធូរធារ​ជាង​មុន និង​បាន​នៅ​ជួបជុំ​គ្រួសារ​
14/12/2020 3:00 pm ភ្នំពេញ ​ភ្នំពេញ​៖ លោក វ៉ាន់ ស៊ីនួន កំពុង​កាក់កប​នឹង​របរ​ធ្វើក​ញ្ចុះ​ឫស្សី​លក់ ក្រោយពី​បាន​បោះបង់ចោល​ការងារ​ជាជាង​សំណង់​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​មកហើយ​នោះ​។ លោក វ៉ាន់ ស៊ីនួន ប្រាប់  Thmeythmey 25 ថា របរ​ថ្មី​នេះ បាន​ផ្តាស់​ប្តូរ​ជីវភាព​គ្រួសារ​លោក​ស្ទើរ​ទាំងស្រុង ទាំង​ចំណូល​ច្រើនជាង​មុន និង​ពិសេស​បាន​នៅ​ជួបជុំ​គ្រួសារ​។​


​លោក វ៉ាន់ ស៊ីនួន បាន​ប្តូរ​ពី​ការងារ​ជាជាង​សំណង់ មក​ធ្វើក​ញ្ចុះ​ឫស្សី​លក់​វិញ ប្រមាណ​៤​ឆ្នាំ​មកហើយ​។ សិប្បកម្ម​ធ្វើក​ញ្ចុះ​ឫស្សី របស់​បុរស​វ័យ​៤៧​ឆ្នាំ​រូបនេះ មាន​ទីតាំង​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លោក វ៉ាន់ ស៊ីនួន ពន្យល់​ប្រាប់​សារព័ត៌មាន Thmeythmey 25 តាម​ទូរ​សព្ទ​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ឈប់​ធ្វើការ​សំណង់ ព្រោះតែ​ការងារ​នេះ តម្រូវ​ឲ្យ​លោក​ត្រូវ​ធ្វើដំណើរ​ទៅធ្វើ​ខេត្ត​នានា​មិនសូវ​បាន​នៅផ្ទះ ហើយ​ប្រាក់កម្រៃ​ក៏​ទាប​ពិបាក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ លោក វ៉ាន់ ស៊ីនួន រៀបរាប់​ដូច្នេះ​៖«​កាល​នៅ​ធ្វើ​សំណង់ មិនមាន​ពេលវេលា នៅ​ជាមួយ​គ្រួសារ​នោះ ព្រោះ​ត្រូវ​ទៅធ្វើ​សំណង់ នៅតាម​ខេត្ត​នានា​។ ម្យ៉ាង​ជីវភាព ក៏មាន​ការខ្វះខាត​ដែរ ព្រោះ​ទទួលបាន​ប្រាក់កម្រៃ​ទាប​»​។​

​បើតាម​បុរស​រូបនេះ លោក​ផ្តើម​កញ្ចុះ​ឫស្សី​ដំបូង តាមរយៈ​បណ្តាញ​យូ​ធូប​។ កាលណោះ លោក និង​មនុស្ស​(​កម្មករ​) ប្រមាណ​៥​នាក់​ទៀត ត្រូវ​ចំណាយពេល​ជិត​មួយ​សប្តាហ៍ ដើម្បី​អាច​បញ្ចប់​ការងារ​ធ្វើក​ញ្ចុះ​មួយ​បាន​។ ក្រោយមក លោក​ក៏​ចេះ​ចាំ​ស្ទាត់​ការងារ​នេះ ហើយក៏​មានលទ្ធភាព​ធ្វើក​ញ្ចុះ បាន​ចំនួន ២ ក្នុង​សប្តាហ៍ អាស្រ័យ​តាម​ម៉ូដ ដោយមាន​ការជួយជ្រោមជ្រែង​ពី​កម្មករ ៤​ទៅ​៥​នាក់​ដដែល​។ 



​ក្រោយ​ចាប់ផ្ដើម​របរ​ថ្មី​នេះ លោក វ៉ាន់ ស៊ីនួន អះអាងថា លោក​កាកកប​នឹង​អាជីព​ថ្មី​នេះ គួរសម ហើយ​វា​បាន​ផ្តាស់​ប្តូរ​ជីវភាព​រស់នៅ​របស់​គ្រួសារ​ខ្លួន ស្ទើរ​ទាំងស្រុង​។ «​សព្វថ្ងៃ មាន​អ្នកបញ្ជា​ទិញ​កញ្ចុះ​ឫស្សី​ច្រើន ពេលខ្លះ​ផ្គត់ផ្គង់​សឹង​មិនទាន់​។ ការផ្គត់ផ្គង់​មិនទាន់ ព្រោះ​អ្នកធ្វើ​មាន​ចំនួន​តិច​។ ការធ្វើ​កញ្ចុះ​ឫស្សី បាន​កែប្រែ ជីវភាព​ខ្ញុំ​ទាំងស្រុង ទាំង​ចំណូល និង​ពេលវេលា ជាមួយ​គ្រួសារ​»​។​វិបត្តិ​កូ​វីដ​-១៩ ក៏​មិន​បានធ្វើ​ឲ្យ​អាជីវកម្ម​ប៉ះពាល់​ដែរ មានតែ​កា​រក​ម្ម៉​ង់​ជា​ហូរហែ​ទៅវិញ​។ ម្ចាស់​សិប្បកម្ម​រូបនេះ​បញ្ជាក់​ដូច្នេះ រួច​បន្តថា កញ្ចុះ​ឫស្សី​មួយ មានតម្លៃ​ចាប់ពី ៣៥០​ដុល្លារ ដល់ ១​ពាន់​ដុល្លារ ទៅតាម​ទំហំ និង​ម៉ូត ដែល​ភ្ញៀវ​ចង់បាន​។

អតិថិជន​របស់លោក​ភាគច្រើន ជា​ម្ចាស់​រមណីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់ ខណៈ​ភ្ញៀវ​ក​ម្ម៉​ង់​ដាក់​ផ្ទះ មាន​តិចតួច​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ អតិថិជន ក៏​និយម​ក​ម្ម៉​ង់​ដំបូល​ស្បូវ​ដែរ ព្រោះ​វា​ជាប់​ធន់​បានយូរ និង​ត្រជាក់​ជាង​ស្លឹកត្នោត​។ ជាការ​បញ្ជាក់​របស់ លោក វ៉ាន់ ស៊ីនួន​៕



ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com