Thmey Thmey 25
បន្លែ​ស្ពៃ​ក្នុង​ខេត្តព្រៃវែង ធ្លាក់​ថ្លៃ ខណៈ​ស្រូវ​មានតម្លៃ​ខ្ពស់​
26/11/2020 11:00 am ព្រៃវែង ​បន្លែ​ប្រភេទ​ស្ពៃ​ក្នុង​ខេត្តព្រៃវែង ហាក់​ធ្លាក់ចុះ​ទាប​ក្នុងអំឡុង​ពាក់កណ្ដាល​ខែវិច្ឆិកា​នេះ ខណៈ​តម្លៃ​ស្រូវវស្សា​មានតម្លៃ​ខ្ពស់​។ នេះ​បើតាម​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តព្រៃវែង នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា​នេះ​។​

​លោក អ៊ុក សំណាង បាន​បញ្ជាក់ថា ជាទូទៅ​តម្លៃ​ស្ពៃ​ក្នុង​ខេត្តព្រៃវែង​មានតម្លៃ​ប្រមាណ ១ ០០០​រៀល​ក្នុង​មួយ​គីឡូ ប៉ុន្តែ​មួយ​សប្ដាហ៍​មកនេះ តម្លៃ​បន្លែ​ប្រភេទ​ស្ពៃ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​រូបនេះ បាន​បញ្ជាក់ថា​៖«​បន្លែ​ប្រភេទ​ស្ពៃ​គឺមាន​ការធ្លាក់​ថ្លៃ ពិសេស​ស្ពៃចង្កឹះ​ធ្លាក់​ខ្លាំងជាងគេ គឺ​ត្រឹម ៥០០​រៀល​ក្នុង​មួយ​គីឡូ ខណៈ​ស្ពៃ​ផ្សេង​អាច​លក់បាន ៨០០​រៀល​ទៅ ១ ០០០​រៀល​ក្នុង​មួយ​គីឡូ​»​។ 
 
​បើតាម​លោក សំណាង តម្លៃ​ស្ពៃ​ធ្លាក់​នេះ វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​កសិករ ស្របពេល​វិបត្តិ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​ការបញ្ជាទិញ​បន្លែ ពី​បណ្ដា​ភោជនីយដ្ឋាន​មានការ​ថយចុះ​។ តែ​លោក​សង្ឃឹមថា កូ​វីដ​-១៩ នឹងមិន​អូសបន្លាយ​យូរ​ទៀត​នោះទេ​។ 

បន្លែស្ពៃរបស់កសិករក្នុងខេត្តព្រៃវែង 

​ជាធម្មតា​ទិន្នផល​បន្លែ​ក្នុង​ខេត្តព្រៃវែង អាច​ប្រមូល​បានជា​មធ្យម​ជាង ១០​តោន​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ដោយ​វិបត្តិ​កូ​វីដ​-១៩​នេះ ការប្រមូល​ទិន្នផល​បន្លែ​មានការ​ថយចុះ ដោយ​អាច​ប្រមូល​បន្លែ​ពី ៥-៦​តោន​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។​
 
​ដ្បិត​តម្លៃ​បន្លែ​មានការ​ធ្លាក់​ថ្លៃ តែ​សម្រាប់​តម្លៃ​ស្រូវ​ក្នុង​ខេត្តព្រៃវែង​ហាក់​មានតម្លៃ​ខ្ពស់ ដោយ​មួយ​គីឡូ​មានតម្លៃ ១,១០០​រៀល​ទៅ ១,១២០​រៀល​ក្នុង​មួយ​គីឡូ (​ស្រូវ​ទូទៅ​)​។ ឈ្មួញ​ដែល​ទិញស្រូវ​ពី​កម្ពុជា ភាគច្រើន​វៀតណាម​។ នេះ​បើតាម​លោក អ៊ុក សំណាង​។​

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងចុះពិនិត្យការប្រមូលផលបន្លែរបស់កសិករ

​ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey25 លោក សំណាង បាន​និយាយ​ដូច្នេះ​ថា​៖ «​ដោយសារ​កូ​វីដ​-១៩ ឈ្មួញ​វៀតណាម​ដែល​ធ្លាប់​ចូលមក​ទិញស្រូវ​នៅ​កម្ពុជា​ត្រូវ​ផ្អាក ដោយ​តម្រូវ​ឲ្យ​កម្ពុជា​ជា​អ្នក​ដឹកស្រូវ​ចូលទៅ​វៀតណាម​វិញ ជាហេតុ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ក្នុង​ដំណើរ​ការទិញ​-​លក់​ស្រូវ​បច្ចុប្បន្ន​»​។ 
 
​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​បញ្ជាក់ថា ការងារ​ប្រមូល​ផល​ស្រូវវស្សា​ក្នុង​ខេត្តព្រៃវែង​បច្ចុប្បន្ន ប្រមូលបាន​ប្រមាណ ៧០​ភាគរយ ខណៈ​ការងារ​ស្ដារ​ដំណាំ​ស្រូវ​ក្រោយ​ទឹកជំនន់​បាន​ប្រមាណ ៨០​ភាគរយ​៕
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com