Thmey Thmey 25
ខេត្តឧត្តរមានជ័យ ប្រមូលផលស្រូវវស្សាបាន ៧០ភាគរយ ខណៈខេត្តដទៃ កំពុងមមាញឹកស្ដារដំណាំស្រូវ
25/11/2020 11:59 am ឧត្តរមានជ័យ គិតត្រឹមថ្ងៃទី ២៣ វិច្ឆិកា ខេត្តឧត្តរមានជ័យ ប្រមូលផលស្រូវវស្សាបានប្រមាណ ៧០ភាគរយ និងត្រៀមបន្តក្នុងការប្រមូលផលដំឡូងមីវិញម្ដង ខណៈខេត្តដទៃកំពុងមមាញឹកក្នុងការស្ដារដំណាំស្រូវ។ នេះបើតាមលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តឧត្តរមានជ័យ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ២៣ ខែវិច្ឆិកានេះ។

ទោះស្ថិតក្នុងរាជធានី-ខេត្តទាំង២០ ដែលរងគ្រោះដោយទឹកជំនន់ តែខេត្តឧត្តរមានជ័យ មិនបានខូចខាតដល់ដំណាំកសិកម្មច្រើននោះទេ។ ជាមួយគ្នានេះ កសិករក្នុងខេត្តឧត្តរមានជ័យ កំពុងមមាញឹកប្រមូលផលស្រូវវស្សា ខណៈខេត្តដទៃ កំពុងស្ដារដំណាំស្រូវឡើងវិញ។  លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម បានប្រាប់ThmeyThmey25 ថា៖«បច្ចុប្បន្នយើងបានប្រមូលផលស្រូវវស្សាបាន ៧០ភាគរយ និងត្រៀមប្រមូលផលដំឡូងមីបន្ទាប់»។ 

លោកប្រធានមន្ទីររូបនេះ បានពន្យល់ថា ដោយសារខេត្តឧត្តរមានជ័យទទួលបានផលស្រូវវស្សាមុនខេត្តដទៃ ទើបស្រូវក្នុងខេត្តនេះ តែងមានតម្លៃខ្ពស់ ម្យ៉ាងទៀតពលរដ្ឋភាគច្រើនមិនសូវប្រើប្រាស់ថ្នាំគីមីលើដំណាំនោះទេ។ លោក សូត្រ ស៊ីសុខឃាង បន្តថា៖ «ឆ្នាំនេះទិន្នផលស្រូវកើនឡើង ការច្រូតយូរជាងមុន ហើយតម្លៃក៏ខ្ពស់ជាងខេត្តផ្សេង និងមានលក្ខណៈប្លែកពីគេដោយសារស្រូវក្នុងខេត្តនេះទុំមុនខេត្តដទៃ»។ 

បើតាមប្រធានមន្ទីរកសិកម្មរូបនេះ  ពលរដ្ឋប្រមាណ ៨០-៩០ភាគរយធ្វើស្រូវប្រភេទផ្ការំដួល។ សម្រាប់តម្លៃស្រូវផ្ការំដួលលេខមួយមានតម្លៃ ១,០៩០រៀល,ប្រភេទលេខ២ ១,០៤០រៀល និងប្រភេទលេខ៣ តម្លៃ ៩៩០រៀលក្នុងមួយគីឡូ។ ផ្ទៃដីធ្វើស្រូវវស្សាទូទាំងខេត្តមាន ៩ម៉ឺនហិកតា ជាមធ្យមទិន្នផលទទួលបាន ២.៧តោនក្នុងមួយហិកតា។

ដ្បិតខេត្តនេះ បានប្រមូលស្រូវវស្សាប្រមាណ ៧០ភាគរយក្ដី តែក៏ជួបផលប្រឈមខ្លះៗដែរ ដោយខ្វះម៉ាស៊ីនច្រូតកាត់។ ការខ្វះម៉ាស៊ីនច្រូតនេះ ក៏អាចមានផលប៉ះពាល់បន្តិចបន្តួចដល់គុណភាពស្រូវនៅក្នុងស្រែ ព្រោះអាចទុំជ្រុល។ នេះបើតាមការពន្យល់របស់លោក សូត្រ ស៊ីសុខឃាង។

ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យបច្ចុប្បន្នមានសេដ្ឋកកិច្ចល្អប្រសើរ ដោយសារខេត្តនេះមានអំណោយផលលើដំណាំកសិកម្ម ពិសេសដំណាំស្រូវ និងដំឡូងមី។ បន្ទាប់ពីការបញ្ចប់ការងារប្រមូលផលស្រូវវស្សានាពេលដ៏ខ្លីខាងមុខ ពលរដ្ឋនឹងបន្តការប្រមូលផលដំឡូងមី បន្ទាប់ទៀត។ ដោយឡែកទីផ្សារដំឡូងមី ឆ្នាំនេះមានតម្លៃជាជិត ១ពាន់រៀលក្នុងមួយគីឡូ សម្រាប់ដំឡូងមីសើម៕ 
 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com