Thmey Thmey 25
ភូមិ​ត្រពាំងថ្ម នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី​មួយទៀត នៃ​ស្រុក​បន្ទាយស្រី
21/11/2020 12:00 pm សៀមរាប ​រដ្ឋបាល​ស្រុក​បន្ទាយស្រី មាន​គម្រោង​ជំរុញ​វិស័យ​ក​សិ​-​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ នៅ​ក្នុងភូមិ​ត្រពាំងថ្ម ដើម្បី​កែប្រែ​មុខមាត់ និង​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​។ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា ភូមិ​ត្រពាំងថ្ម គឺជា​ភូមិ​ក្រីក្រ​ជាងគេ​នៅក្នុង​ស្រុក​បន្ទាយស្រី ដោយសារតែ​ភូមិ​នេះ ធ្លាប់ជា​តំបន់​សមរភូមិ​ក្តៅ ដែលមាន​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​​មិនអាច​ឲ្យ​ប្រជាជន អាស្រ័យ​ផល​លើ​ផ្ទៃដី​តំបន់​នេះ​បាន​។ ប៉ុ​ន្តែ​បន្ទាប់ពី គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ទើបត្រូវ​បាន​ដោះ​សម្អាត​រួចរាល់ ១០០​ភាគរយ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ទាំង​ទេសចរណ៍ធម្មជាតិ និង​ក​សិ​-​ទេសចរណ៍ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ ។​

​រដ្ឋបាល​ស្រុក​បន្ទាយស្រី មាន​គម្រោង​ជំរុញ​វិស័យ​ក​សិ​-​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ នៅ​ក្នុងភូមិ​ត្រពាំងថ្ម ដែលជា​ភូមិ​ក្រីក្រ​ជាងគេ​នៅក្នុង​ស្រុក​បន្ទាយស្រី​។ លោក ឃឹម ហ្វី​ណង់ ប្រាប់ Thmeythmey 25 ថា ភូមិ​ត្រពាំងថ្ម​មាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ លាតសន្ធឹង​ជាប់ជើង​ភ្នំ​គូលែន ដែលជា​សក្តានុពលធម្មជាតិ​ដ៏​ត្រកាល​មួយ​។ ប៉ុន្តែ​ដោយសារតែ​តំបន់​ធ្លាប់ជា តំបន់​សមរភូមិ​ក្តៅ ដែលមាន​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​សេសសល់ ទើប​តំបន់​នេះ មិនបាន​បង្កើតជា​តំបន់​ទេសចរណ៍​បាន​។  

​លោក ឃឹម ហ្វី​ណង់ រៀបរាប់​ប្រាប់ ThmeyThmey25 ថា​៖ «​ជាគោលការណ៍ រដ្ឋបាល​ស្រុក​មិន​អនុញ្ញាត​ឲ្យ​ទេសចរ ទៅ​តំបន់​ដែលមាន​គ្រោះថ្នាក់​ដោយ​គ្រាប់មីន​ទេ បើទោះបីជា​តំបន់​នេះ​មាន​សក្តានុពល ព្រោះ​វា​នៅជាប់​ជើងភ្នំ​គូលែន ទេសភាព​ស្អាត មាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ​។ បន្ទាប់ពី​បោសសម្អាត​មីន​រួចរាល់ អនុញ្ញាត​ឲ្យ​ប្រជាជន​អាស្រ័យ​ផល នៅ​តំបន់​នេះ ដូចជា​កសិកម្ម និង​ទេសចរណ៍​»​។ 


រូបភាពពីទំព័រហ្វេសប៊ុក ទៅលេងបន្ទាយស្រី

​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ទើបបាន​ដោះ​សម្អាត​ចេញពី​ភូមិសាស្ត្រ ភូមិ​ត្រពាំងថ្ម បាន​១០០​ភាគរយ ក្រោម​កិច្ចសហការ​រវាង អាជ្ញាធរ​មីន មជ្ឈមណ្ឌល​ជាតិ NPMEC និង​អង្គការ Peace Land Foundation ។ ប្រតិបត្តិការ​នេះ  បាន​រកឃើញ​និង​កម្ទេចចោល គ្រាប់មីន​ចំនួន​៦៣​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៩៩​គ្រាប់ ព្រមទាំង​អំបែង​គ្រាប់​រាប់ម៉ឺន​ដុំ​ទៀត ត្រូវបាន​បោសសម្អាត​ចេញពី​ផ្ទៃដី​សរុប​ចំនួន ៦៩​ហិកតា ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំងថ្ម  ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​។​

​តាម​លោក ឃឹម ហ្វី​ណង់ គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ និង​ក​សិ​-​ទេសចរណ៍ នៅក្នុង​តំបន់​នេះ គួបផ្សំ​នឹង​ការធ្វើ​កសិកម្ម​របស់​ប្រជាកសិករ នឹងចូលរួម​ចំណែក​លើ​ក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ឲ្យ​ប្រសើរឡើង លោក ហ្វី​ណង់ បន្ថែម​៖« យើង​គ្រោង​ជំរុញ​វិស័យ​ទេសចរណ៍ ដូចជា​ទេសចរណ៍ធម្មជាតិ ជម្រើស​ជា​ផ្ទះ​ស្នាក់ នៅលើ​ផ្ទៃដី​ធំ​ល្វឹងល្វើយ ឬក៏​ជា​ប្រភេទ​ក​សិ​-​ទេសចរណ៍ ដែល​ភ្ញៀវទេសចរ​អាច​ទៅ​កម្សាន្ត តាម​ចម្ការ​។ ទេសចរ​អាច​ទៅ​ដើរលេង ដកស្រង់​បទពិសោធន៍ ការ​ស្នាក់​នៅតាម​ចម្ការ ឬក៏​សកម្មភាព​ណាមួយ ពាក់ព័ន្ធ​ជាមួយ​ក​សិ​-​ទេសចរណ៍​»​។ 
​ក្រៅពី​វិស័យ​ទេសចរណ៍ រដ្ឋបាល​ស្រុក ក៏​ជំរុញ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា      សម្ព័ន្ធ​នៅ​ក្នុងភូមិ​បន្ថែមទៀត​ដែរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការងារ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ផ្សេងទៀត​៕


រូបភាពពីទំព័រហ្វេសប៊ុក ទៅលេងបន្ទាយស្រី
ដោយ៖ ជឿន ស្រី​ណ​យ​ © រក្សាសិទ្ធិដោយ thmeythmey25.com