Thmey Thmey 25
មាន​វ័យ​៦១​ឆ្នាំ កសិករ សេង ថន នៅតែ​បន្ត​ដាំចេក​ណាំវ៉ា ដោយ​រក​ចំណូល ៣​លាន​រៀល​ក្នុង​មួយ​រដូវ​
21/11/2020 10:00 am បាត់ដំបង ​លោក សេង ថន ជា​កសិករ​ដាំចេក​ណាំវ៉ា នៅ​ភូមិ​ក្រសាំង ឃុំ​អូរទទឹង ស្រុក​សំឡូត ខេត្តបាត់ដំបង​។ មាន​វ័យ ៦១​ឆ្នាំ​កសិករ​រូបនេះ បាន​ជ្រើស​ការដាំ​ចេកណាំវ៉ា​រយៈពេល ៥​ឆ្នាំ​មកហើយ​លើ​ផ្ទៃដី ៣​ហិកតា ដោយ​ជា​មធ្យម​អាច​ទទួលបាន​ចំណូល ៣​លាន​រៀល​ក្នុង​មួយ​រដូវ​។ កសិករ សេង ថន ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា​៖ «​ទីផ្សារ​ចេកណាំវ៉ា​ឆ្នាំនេះ អាច​លក់បាន ១ ០០០-១ ៥០០​រៀល​ក្នុង​មួយ​ស្និត ខណៈ​ឆ្នាំ​២០១៩ លក់បាន​ត្រឹម​តម្លៃ ៦០០​រៀល​ក្នុង​មួយ​ស្និត​»​។​

​ក្រៅពី​ដំណាំ​ចេកណាំវ៉ា​លោក សេង ថន ក៏មាន​ដាំ​ដំណាំ​ផ្សេង​ដូចជា​ដំណាំ​ស្វាយ និង​មៀន​ប៉ៃលិន​ជាដើម ប៉ុន្តែ​លោក​ផ្ដោត​សំខាន់​លើ​ដំណាំ​ចេកណាំវ៉ា ដោយសារ​ងាយស្រួល​មើល​ថែ​និង​ងាយ​លក់​។ បើតាម​កសិករ​វ័យ​ចំណាស់​រូបនេះ អ្នកខ្លះ​ដាំ​បាន​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ​ក៏​បោះបង់​ការដាំ​ចេក​នេះ​ចោល ដោយសារ​ខ្វះ​លក្ខណៈ​បច្ចេកទេស ការ​មើលថែ និង​ខ្វះ​ការ​អត់ធន់​ក្នុង​ដំណាំ​ចេក​។ កសិករ សេង ថន ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖ «​រដូវ​ប្រមូល​ផល​ចេក​មាន ៣០-៤០​ថ្ងៃ ប្រមូល​ម្ដង​បាន​១​លាន​រៀល ហើយ​មួយ​រដូវ​ប្រមូល​៣​ដង សរុប​ជា​ទឹកប្រាក់​ចំនួន ៣​លាន​រៀល​ក្នុង​មួយ​រដូវ​»​។​

​ដ្បិត​មាន​វ័យ​ចំណាស់​ក៏ពិតមែន​តែ​លោក សេង ថន មិន​បោះបង់​ការងារ​ជា​កសិករ​នោះទេ និង​មិន​ចង់ទុក​ពេលទំនេរ​។ កសិករ សេង ថន ប្រាប់ ThmeyThmey25 ថា ចេក​ងាយស្រួល​ដាំ និង​មិនសូវ​ហត់​ក្នុងការ​មើលថែ ព្រោះ​មិន​ចង់​ទំនេរ​ចេះតែធ្វើ​ឲ្យ​ទៅ​ដូច​ហាត់ប្រាណ​ផង​។ លោក សេង ថន បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​បើសិន​ចេកណាំវ៉ា​លក់បាន​តម្លៃ​ដូច​ឆ្នាំនេះ ៖«​ចេក​ឆ្នាំនេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ហើយ​ស្រួល​លក់ រកតែ​ចេក​លក់​មិនទាន់​ផង​»​។ 

​ទោះបី​មានការ​រអ៊ូរទាំ​ពី​កសិករ​ដែល​ដាំចេក​មុនៗ​តែ​ដំណាំ​ចេក​សម្រាប់​លោក សេង ថន ផ្នែក​មួយ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់លោក​។ កសិករ​រូបនេះ​និយាយថា​៖«​ការដាំ​ចេក​មិន​ធ្វើ​ឲ្យ​មាន​ទេ តែ​សម្រាប់ធ្វើ​ឲ្យ​ខ្ញុំ​រស់នៅ​ដោយ​ស្រួល​»៕



ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com