Thmey Thmey 25
ខេត្តពោធិ៍សាត់​៖ «​ភាពយន្ត​ព័ត៌មាន​បែប​កម្សាន្ត​»​ខ្នាត​ខ្លី និង​ដំណឹង​កម្សាន្ត​បែប​សារព័ត៌មាន​
24/11/2020 4:00 pm ពោធិ៍សាត់ ​ក្រុម​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​២៥(Thmeythmey25) បាន និង​កំពុង​ត្រៀម​ធ្វើដំណើរ​ទៅកាន់​ខេត្តពោធិ៍សាត់​ដែលជា​តំបន់​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បេសកកម្ម​របស់​ក្រុម​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​២៥(Thmeythmey25) ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥​ខែវិច្ឆិកា​២០២០​រហូតដល់​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០ គឺ​ដើម្បី​ផលិត «​ភាពយន្ត​ព័ត៌មាន​បែប​កម្សាន្ត​»​ខ្នាត​ខ្លី និង​ព័ត៌មាន​បែប​កម្សាន្ត​។

​ខេត្តពោធិ៍សាត់ បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩០៧​។ នាពេល​បច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជិត​កន្លះ​លាន​នាក់​។ ខេត្តពោធិ៍សាត់​មាន​រមណីយដ្ឋាន​ទេសចរណ៍​៣៥​កន្លែង​។ តួលេខ​ក្រសួង​វប្បធម៌ បាន​បញ្ជាក់ថា ខេត្តពោធិ៍សាត់ មាន​ប្រាសាទ​បាក់បែក​នៅសល់តែ​គ្រឹះ​ចំនួន​៣ ទួល​បុរាណ​ចំនួន​១៧ និង​វត្ត​បុរាណ​ចំនួន​១០​។ 

​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ចាត់ទុកជា​មជ្ឈមណ្ឌល​ទេសចរណ៍ធម្មជាតិ កសិកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ​…​ព្រោះ ខេត្ត​ភាគ​ពាយ័ព្យ​មួយ​នេះ សម្បូរ​ទៅដោយ​ជ្រលង​ភ្នំ ទន្លេ ទឹកជ្រោះ បឹងបួរ អូរ​ស្ទឹង ព្រៃ​ពឹ​ក្សា​លតា​វល្លិ​ស្រស់បំព្រង ផលិតផល​កសិកម្ម​ចម្រុះ ស្ថានីយ​បុរាណ​(​បុរាណ​ស្ថាន​) ជនជាតិដើម​ភាគតិច​។​ល​។ សរុប​ឲ្យ​ខ្លី ខេត្តពោធិ៍សាត់ គឺជា​ជង្រុក​សម្បត្តិ​ធម្មជាតិ​មហាសាល​។​

​ភាពយន្ត​ព័ត៌មាន​បែប​កម្សាន្ត​ខ្នាតតូច​ស្តីពី​«​កំណប់​ទេសចរណ៍ កសិកម្ម សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្ត្រ​»​នេះ មាន​គោលបំណង​បង្ហាញ​សក្តានុពល​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ​…​នៅក្នុង​ដែនដី​សុវណ្ណ​ភូមិ​នៃ​ខេត្ត​មួយ​នេះ​ទៅកាន់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ តាមរយៈ​ភាពយន្ត​ខ្លី និង​ដំណឹង​កម្សាន្ត​បែប​សារព័ត៌មាន​នេះ ទស្សនិកជន​នឹង​ទទួលបាន​ព័ត៌មាន​ដ៏​សម្បូរបែប​ពី​តំបន់​ប្លែកៗ​នៅក្នុង​ខេត្តពោធិ៍សាត់​។   
​លោក ប៉ាន់ បូ​នី គឺជា​ប្រធាន​ក្រុម​ផលិត​«​ភាពយន្ត​ព័ត៌មាន​បែប​កម្សាន្ត​»​ខ្នាត​ខ្លី​នៃ​សារព័ត៌​មា​ថ្មីៗ​២៥ រីឯ កញ្ញា ញឹក ស្រី​ល័​ក្ខ និពន្ធ​នាយក​នៃ​សារព័ត៌មាន​ថ្មីៗ​២៥ គឺជា​អ្នកដឹកនាំ​ក្រុម​ផលិត​ដំណឹង​កម្សាន្ត​បែប​សារព័ត៌មាន​នៅក្នុង​បេសកកម្ម​ខាងមុខនេះ​។ 

​សូមបញ្ជាក់ថា កិច្ច​ការផលិត​«​ភាពយន្ត​ព័ត៌មាន​បែប​កម្សាន្ត​»​ខ្នាត​ខ្លី និង​ដំណឹង​កម្សាន្ត​បែប​សារព័ត៌មាន​នៅក្នុង​ខេត្តពោធិ៍សាត់​នេះ បាន​កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ​កំពូល​ខេត្ត​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​សារព័ត៌មាន​ថ្មីៗ​២៥៕ 






 
ដោយ៖ Thmey Thmey 25 © រក្សាសិទ្ធិដោយ thmeythmey25.com