Thmey Thmey 25
កសិករ អ៊ូ សំ​ឃិត ដាំ​ស្ពៃ​និង​បន្លែ​ស្លឹក​ក្នុងផ្ទះ​សំណាញ់ អា​ចរក​ចំណូល​១​លាន​រៀល​ក្នុង​មួយ​លើក​
20/11/2020 9:23 am ស្ទឹងត្រែង ​លោក អ៊ូ សំ​ឃិត ជា​កសិករ​ដាំ​បន្លែ​នៅក្នុង​ខេត្តស្ទឹងត្រែង និង​ជា​សមាជិក​នៃ​គម្រោង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​អាកាសធាតុ (​អា​ស្ប៉ា​យ​)​។ កសិករ​រូបនេះ បានចាប់ផ្ដើម​ដាំ​បន្លែ​ស្លឹក​ដូចជា ស្ពៃ​,​សាលាដ៍ និង​ស្លឹក​ខ្ទឹម ក្នុងផ្ទះ​សំណាញ់​នៅ​អំឡុង​ឆ្នាំ​២០១៩ និង​អាច​រក​ចំណូល ១​លាន​រៀល​ក្នុង​មួយ​លើក​ពីមុខ​របរ​នេះ​។ នេះ​បើតាម​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​រស់នៅ​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កសិករ អ៊ូ សំ​ឃិត ជា​អ្នក​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​។ បន្លែ​ដែល​ដាំ​ក្នុងផ្ទះ​សំណាញ់​នេះ អាច​លក់បាន​តម្លៃ ៣៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​ក្នុង​មួយ​លើក​ទិន្នផល​បន្លែ​ប្រភេទ​ស្ពៃ កសិករ អ៊ូ សំ​ឃិត ទទួលបាន​ប្រមាណ ១៥០-២០០​គីឡូ គិត​ជា​ទឹកប្រាក់ ៧០​ម៉ឺន​រៀល​។ បើតាម​កសិករ​រូបនេះ ជា​មធ្យម​ប្រាក់ចំណូល​ទទួលបាន​បូករួម​ទាំង​បន្លែ​ផ្សេង​ដូចជា សាលាដ៍ និង​ស្លឹក​ខ្ទឹម​នោះ​មាន​ចំនួន ១​លាន​រៀល​ក្នុងការ​ប្រមូល​ផល​មួយ​លើក​។ 

​ដ្បិតថា​កសិករ សំ​ឃិត អាច​ទទួលបាន​ចំណូល​គួរសម​ពី​គម្រោង​ផ្ទះ​សំណាញ់​នេះ​ពិតមែន ប៉ុន្តែ​លោក​មិនទាន់​រៀបចំផ្ទះ​សំណាញ់​មាន​លក្ខណៈ​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​មិនទាន់មាន​ប្រភពទឹក​ត្រឹមត្រូវ​នៅឡើយ​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ដាំ​ដុះ​របស់​កសិករ អ៊ូ សំ​ឃិន បានធ្វើ​ឲ្យ​មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បានផ្តល់​ការណែនាំ​បន្ថែម​ឲ្យ​គាត់​រៀបចំ​ដី ដាក់​ជី ប្រើប្រាស់​ប្រព័ន្ធ​ទុយោ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ និង​សិក្សា​ការដាំ​ដំណាំ​ដែលមាន​តម្រូវការ​ទីផ្សារ និង​តម្លៃ​បាន​ខ្ពស់​៕





ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com