Thmey Thmey 25
លោក ស៊ុំ វាសនា កែច្នៃ​សម្ភារ​ប្រើប្រាស់​ពី​ត្នោត ដើម្បី​ថែ​អត្តសញ្ញាណ និង​ចង់​អភិវឌ្ឍ​ស្នាដៃ​កូន​ខ្មែរ​
29/11/2020 8:30 am សៀមរាប សៀមរាប​៖ លោក ស៊ុំ វាសនា ជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​សម្ភារ​ប្រើប្រាស់​ពី​ដើមត្នោត​មួយកន្លែង នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​អះអាងថា ចង់​អភិវឌ្ឍ​ស្នាដៃ​របស់​កូន​ខ្មែរ​។ បុរស​វ័យ​២៦​ឆ្នាំ​រូបនេះ បង្កើត​សិប្ប​កម្មនេះ រយៈពេល​២​ឆ្នាំ​មកហើយ ដែល​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​នៅតាម​បណ្ដា​ខេត្ត​នានា​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey25 លោក ស៊ុំ វាសនា បញ្ជាក់​បែបនេះ​៖«​ខ្ញុំ​ស្នង​ការងារ​នេះ ពី​ជីតា​ដែល​បាន​បន្សល់ទុក​ឲ្យ ហើយ​ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​ចង់​អភិវឌ្ឍ​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះ​»​។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក ស៊ុំ វាសនា ដូចតទៅ​៖ 
 

​សិប្បកម្ម​កែច្នៃ​សម្ភារ​ប្រើប្រាស់​ធ្វើ​អំពី​ត្នោត ស្ថិតនៅ​ក្នុងភូមិ​ក្រវ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ផលិត​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​ដូចជា កែវ ចាន ស្លាបព្រា ចង្កឹះ និង​សម្ភារ​ជាច្រើន​ទៀត​។ ក្រោយ​ដំណើរការ​អស់​រយៈពេល ២​ឆ្នាំ លោក ស៊ុំ វាសនា អះអាងថា អាច​រកចំណូលបាន ១​ពាន់​ដុល្លារ​ក្នុង​១​ខែ ដែល​ទទួលបាន​គាំទ្រ និង​បញ្ជា​ទិញ​ពី​គ្រប់​២៥​ខេត្ត​ក្រុង​។ 

​លោក ស៊ុំ វាសនា ម្ចាស់​សិប្បកម្ម​ធ្វើ​អំពី​ត្នោត​បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ឲ្យ​ដឹងថា​៖«​ខ្ញុំ​ស្នង​ការងារ​នេះ​ពី​ជីតា​ដែល​បាន​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយរូប ខ្ញុំ​ចង់​អភិវឌ្ឍន៍​ស្នាដៃ​កូន​ខ្មែរ​»​។ បើតាម​លោក ស៊ុំ វាសនា ត្នោត​ដែល​សិប្បកម្ម​របស់លោក​យកមក​កែច្នៃ​នេះ ជា​ត្នោត​ដែល​គេ​លែង​ប្រើប្រាស់​ដូចជា ត្នោត​ដែល​ទើស​ខ្សែភ្លើង ដួលរលំ​ចោល និង​ត្នោត​ដែលមាន​អាយុកាល​ចាស់​។ 



​ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្នោត​រូបនេះ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជួយ​គាំទ្រ​ស្នាដៃ​ច្នៃប្រឌិត​របស់​កូន​ខ្មែរ និង​ផលិតផល​នីមួយៗ​របស់​ខ្មែរ​។ លោក ស៊ុំ វាសនា បាន​ឲ្យ​ដឹងថា ការធ្វើ​ឧបករណ៍​នីមួយៗ ត្រូវ​ចំណាយពេល ២​ម៉ោង ទៅ ៣​ម៉ោង ដោយ​គ្រប់​ឧបករណ៍​ទាំងអស់​គឺ​ធើ្វ​អំពី​ដៃ និង​មាន​ច្រើន​ដំណាក់កាល​ផងដែរ​៕ 


ដោយ៖ ញឹក ស្រីល័ក្ខ និង ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com