Thmey Thmey 25
៩ខែ កម្ពុជានាំកង់ទៅក្រៅប្រទេសជាង១,៧លានគ្រឿង ក្នុងវិបត្តិកូវីដ-១៩
08/11/2020 12:00 pm ភ្នំពេញ ភ្នំពេញ៖ ៩ខែនេះ កម្ពុជានាំចេញកង់ទៅទីផ្សារអន្តរជាតិ បានរហូតដល់ជាង១,៧លានគ្រឿង ដែលរកចំណូលប្រមាណ៣៨០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍នាំចេញកង់របស់ក្រសួងពាណិជ្ជកម្ម ។

របាយការណ៍នាំចេញកង់ខាងលើដែលសារព័ត៌មានថ្មីៗ ទទួលបានពីលោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២០  ដោយបានបញ្ជាក់ថា កង់របស់កម្ពុជាដែលប្រទេសអាមេរិក អាល្លឺម៉ង់ និងអង់គ្លេសនាំចូលនេះ គឺស្មើនឹងប្រាក់ចំណូលជាង២០០លានដុល្លារនៃការនាំចេញកង់សរុប ក្នុងរយៈពេល៩ខែកន្លងមកនេះ។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជាបាននាំទៅអាមេរិកជាង៥៥ម៉ឺនគ្រឿង អាល្លឺម៉ង់ជាង៣៦ម៉ឺនគ្រឿង និងអង់គ្លេសជិត២៨ម៉ឺនគ្រឿង។

ក្រៅពីទីផ្សារប្រទេសធំៗទាំង៣ខាងលើ  កម្ពុជាក៏បាននាំចេញកង់ទៅ២៣ប្រទេសទៀត។ ក្នុងនោះមានប្រទេសប៊ែលហ្សិក នាំចូលកង់ពីកម្ពុជា ជាង១៥០ម៉ឺនគ្រឿង, អូទ្រីសជាង១០ម៉ឺនគ្រឿង, ហូឡង់ជិត៩,៥ម៉ឺនគ្រឿង, ស្វីសជិត៦,៥ម៉ឺនគ្រឿង, កាដាណាជាង២,២ម៉ឺនគ្រឿង, ដាណឺម៉ាកជាង២ម៉ឺនគ្រឿង, អូស្រ្តាលី មានជាង១ម៉ឺនគ្រឿង។ រួមទាំងប្រទេសផ្សេងៗទៀត ដូចជា៖ បារាំង, អ៊ីតាលី, អេស្ប៉ាញ, ម៉ិកស៊ិក, ប៉ូឡូញ, ប្រេស៊ីល, ចិន, ជប៉ុន...ជាដើម។ 

សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ជាទីតាំងផលិតនិងដំឡើងកង់ធំបំផុតរបស់កម្ពុជា សម្រាប់នាំចេញ៕
 
ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com