Thmey Thmey 25
ផលិតផល​ក្លែងក្លាយ​ជាង​៥៤០​តោន នឹងត្រូវ​កម្ទេចចោល
04/11/2020 2:37 pm ភ្នំពេញ ផលិតផល​ក្លែងក្លាយ​៥៤០,៧​តោន ដោយ​ក្នុងនោះ មាន​ឱសថ​ខុសច្បាប់​៧,៧​តោន នឹងត្រូវ​កម្ទេចចោល នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​)​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ឲ្យ​ដឹងថា ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត អាជ្ញាធរ​ដែនដី មន្ត្រីរាជការ និង វិស័យ​ឯកជន​ជាច្រើនរូប​ទៀត​។ បើតាម​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ការកម្ទេច​ផលិតផល​ក្លែងក្លាយ​ទាំងនោះ គឺធ្វើឡើង​តាម​ដីកា​បង្កា​ប់រ​បស់​តុលាការ​។ 
 
​ផលិតផល​ក្លែងក្លាយ​និង​ខុសច្បាប់​ជាង​៥៤០​តោន ត្រូវ​សមត្ថកិច្ច​ចាប់បាន​ក្នុង​រយៈពេល​៩​ខែ​កន្លងមក ដោយ​គិតពី​ខែមករា​ដល់​ខែកញ្ញា ឆ្នាំ​២០២០​។ ក្នុងចំណោម​ផលិតផល​ក្លែងក្លាយ​ទាំងនោះ  មាន​ផលិតផល​សម្រាប់​បរិភោគ ផលិតផល​ជា​គ្រឿងសម្អាង និង ផលិតផល​ឱសថ ដូចជា ផលិតផល​ឱសថ​ប្រឆាំងនឹង​ជំ​ងឹ​កូ​វីដ​-១៩ ជាដើម​។ 
 
​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បើក​កិច្ចប្រជុំ​ប្រជុំ ស្តីពី​យន្តការ​អនុវត្ត​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ទិសដៅ​អនុវត្ត​បន្ត​។ លោក មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ប្រាប់​អ្នកសារព័ត៌មាន​ក្លែងក្លាយ ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ​ថា ការបើក​កិច្ចប្រជុំ​នេះ គឺជា​ការជូនដំណឹង​ដល់​កម្លាំង​សមត្ថកិច្ច ឲ្យ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ពាក់ព័ន្ធ​ផលិត​ផលិត​ក្លែងក្លាយ​។​
 
​លោក បន្តថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពី​សកម្មភាព​ផលិត​និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​។ លោក បង្ហាញ​ការប្តេជ្ញាចិត្តថា​៖«​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នឹង​បន្តធ្វើ​កម្ម​ភាព​ទៀត មិន​ទុក​បណ្តែតបណ្តោយ​ឲ្យ​ជនល្មើស ជនខិលខូច ឈ្មួញ​ទុច្ចរិត ធ្វើ​សកម្មភាព​ផលិត ក៏ដូចជា​ចែកចាយ​ផលិតផល​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ​»​។​
 
​លោក អះអាងថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​បន្ត​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ពី​ផលិត​ផលិត​ក្លែងក្លាយ និង​ពី​ផលវិបាក​នៃ​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​៕ 
ដោយ៖ Thmey Thmey 25 © រក្សាសិទ្ធិដោយ thmeythmey25.com