Thmey Thmey 25
បាត់ដំបង ជាខេត្តមានស្ថានីយបុរាណចំនួន២១ តែនៅមានរូបរាងចំនួន៥ប៉ុណ្ណោះ 
01/11/2020 10:59 am បាត់ដំបង ខេត្តបាត់ដំបង មានស្ថានីយបុរាណចំនួន២១ និងសំណង់ចំណាស់ៗ ផ្សារណាត់ និងវត្តអារាមជាច្រើន ដែលក្លាយជាទីសម្រាប់ទេសចរណ៍ទៅកម្សាន្ត។ បាត់ដំបង ក៏ជាទីតាំងភូមិសាស្ត្របុរាណមួយរបស់កម្ពុជាដែលសម្បូរទៅដោយប្រាសាទបុរាណជាច្រើនក្នុងផ្ទៃខេត្តមួយនេះ។ 

បាត់ដំបង មានប្រាសាទដែលនៅមានរូបរាងចំនួន៥ ប្រាសាទបាក់បែកសល់គ្រឹះចំនួន១៦ ទួលបុរាណចំនួន៤១៥ និងវត្តបុរាណចំនួន៣២៦។ នេះបើតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា ចេញផ្សាយក្នុងឆ្នាំ២០១០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កន្លងមក លោក  អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអះអាងថា ខេត្តបាត់ដំបង ជាខេត្តមួយដែលសម្បូរដោយសក្ដានុពលទេសចរណ៍បែបធម្មជាតិ កែច្នៃ និងបែបវប្បធម៌ ដោយមានតំបន់ទេសចរណ៍ចំនួន៥៤កន្លែង ក្នុងនោះរាប់បញ្ចូលវត្តគំរូចំនួន១០ផងដែរ។ ប្រាសាទ និងសំណង់ចាស់ៗទាំងនេះ បានក្លាយជាទីទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្រាប់ភ្ញៀវទេសចរបរទេសនិយមទៅកម្សាន្តតាមរមណីយដ្ឋានបែបប្រវត្ថិសាស្ត្រ ដូចជាប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និងភ្នំសំពៅជាដើម។ រីឯ ភ្ញៀវជាតិ និយមទៅកម្សាន្តកន្លែងទេសចរណ៍បែបធម្មជាតិ កន្លែងលេងទឹក និងឡូរីបាត់ដំបង។

គួរបញ្ចក់ផងដែរថា ខេត្តបាត់ដំបង កាលឆ្នាំ២០១៩ កន្លងទៅ ខេត្តបាត់ដំបងបានទទួលភ្ញៀវសរុបចំនួន៦៨១.៧៨៧នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៥៨០.៣១៤នាក់ និងភ្ញៀវអន្ដរជាតិចំនួន១០១.៤៧៣នាក់។ នេះតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង៕ 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com