Thmey Thmey 25
ត្រចៀកក្រាញ់ ត្រូវបានគេប្រើជាឱសថព្យាបាលកញ្រ្ជិល ក្អួតឈាម គ្រុនក្ដៅ...
01/11/2020 6:59 am ភ្នំពេញ ត្រចៀកក្រាញ់ ជាប្រភេទស្មៅងាយដុះលើដីសើម ក្បែរប្រភពទឹក ដែលមានដើមជាវល្លិ វារលើដី ចេញឫសត្រង់ថ្នាំង និងជាប្រភេទរុក្ខជាតិ រស់បានច្រើនឆ្នាំ។

យោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ត្រចៀកក្រាញ់ ជារុក្ខជាតិដែលមានសកម្មភាពប្រឆាំងបាក់តេរី រលាក គ្រុនក្ដៅ និងជួយឲ្យរបួសឆាប់ឡើងក្រមរ ។ គេប្រើជាឱសថព្យាបាល ជំងឺគ្រុនក្ដៅ កញ្ជ្រិល ក្អួតឈាម ឈាមច្រមុះ រាក រាកមួល ទល់លាមក ធ្លាក់ស កើតលឿង នោមទាស់ ជំងឺសើស្បែក បូស ស្ត្រីលំបាកពេលមានរដូវ និងរមូលសរសៃឈាមនៅជើង។ 

 រុក្ខជាតិនេះ អាចប្រើទាំងមូល ដោយយកមកប្រើដោយស្រស់ ឬហាលសំដិលឲ្យស្ងួត។ នេះបើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា។ សៀវភៅនេះ បញ្ជាក់ថា ចំពោះការប្រើប្រាស់ស្រស់ គឺត្រូវបុកហើយពូតយកទឹក ឬដំាផឹក ប្រមាណ៣០ក្រាម ទៅ៤០ក្រាម។  គេក៏អាចប្រើប្រាស់រុក្ខជាតិនេះស្រស់ ដោយបុកបំពោកលើកន្លែង ខ្ទាំ ឆ្អឹងបាក់មិនចេញក្រៅ ថ្លោះ និងបិទលើរបួសជាដើម ។ រុក្ខជាតិនេះ វាជំនួយដល់ការព្យាបាលឃ្លង់ លើសឈាម និងមហារីកផងដែរ។

(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ ទំព័រ ៥៣


 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com