Thmey Thmey 25
លោក ម៉ុយ ប៊ុនលាប ថាឧបករណ៍ភ្លេងខ្មែរមានការគាំទ្រច្រើន តែវត្ថុធាតុដើម និងអ្នកចេះផលិតកាន់តែថយ
31/10/2020 11:00 am ភ្នំពេញ លោក ម៉ុយ ប៊ុនលាប ជាម្ចាស់អាជីវកម្មលក់ឧបករណ៍ភ្លេងបុរាណខ្មែរ ដោយលោកបានបន្តរបរនេះ  ពីលោកឪពុកដែលមានវ័យកាន់តែចាស់។ ទើបកាន់ការងារបាន២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែម្ចាស់អាជីវកម្មវ័យ២៩ឆ្នាំរូបនេះ ថាខ្លួនកាន់តែស្រឡាញ់ និងចង់អភិរក្សឧបករណ៍ភ្លេងបុរាណខ្មែរ បន្តសម្រាប់ជំនាន់ក្រោយ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 លោក ប៊ុនលាប អះអាងថា និន្នាការគាំទ្រឧបករណ៍ភ្លេងបុរាណនាពេលបច្ចុប្បន្នមានការកើនឡើង ដែលនេះគឺជាការលើកទឹកចិត្ត ដល់អ្នកផលិត និងអ្នកអភិរក្ស។ តែយ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្មរូបនេះ កំពុងព្រួយចិត្ត ពីការថយចុះនៃវត្ថុធាតុដើម និងធនធានមនុស្សដែលចេះធ្វើឧបករណ៍ភ្លេងបុរាណខ្មែរនេះ។


ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ខន ណារី នៃសារព័ត៌មានThmeyThmey25 និងលោក ម៉ុយ ប៊ុនលាប ម្ចាស់អាជីវកម្មឧបករណ៍ភ្លេងខ្មែរ ដូចតទៅ៖

លោក ម៉ុយ ប៊ុនលាប បានគ្រប់គ្រងអាជីវកម្មលក់ឧបករណ៍បុរាណខ្មែរ យីហោ ម៉ាច ម៉ុយ ដែលមានទីតាំងនៅក្នុងឃុំព្រះស្រែ ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ។ យុវជនវ័យ២៩ឆ្នាំរូបនេះ បន្តរបរផលិត និងលក់ឧបករណ៍ភ្លេងខ្មែរ ពីលោកឪពុកដែលមានវ័យកាន់តែចាស់ ហើយក៏កំពុងផលិត និងលក់ឧបករណ៍ភ្លេងខ្មែរ ប្រមាណ១០០ប្រភេទ។ 

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោក ប៊ុនលាប អះអាងថា លោក កាន់តែស្រឡាញ់ ឧបករណ៍ខ្មែរបុរាណ និងមានចង់អភិរក្សឧបករណ៍ខ្មែរទាំងនេះ ដើម្បីអ្នកជំនាន់ក្រោយបានស្គាល់ ក្រោយគ្រប់គ្រងអាជីវកម្មបន្តពីឪពុកប្រមាណ២ឆ្នាំមកនេះ។ 

បើតាមលោក ប៊ុនលាប និន្នាការគាំទ្រឧបករណ៍ភ្លេងបុរាណមានការកើនឡើង ដែលនេះគឺជាការលើកទឹកចិត្តយ៉ាងធំធេង ដល់អ្នកផលិត និងអ្នកអភិរក្សឧបករណ៍ភ្លេងខ្មែរ ក៏ដូចជាជួយសម្រួលដល់ជីវភាព ពលរដ្ឋដែលប្រកបរបរនេះដែរ។  លោក ម៉ុយ ប៊ុនលាប សង្ឃឹមថា សាធារណជន ពិសេសយុវជន នឹងនៅតែបន្តគាំទ្រឧបករណ៍ភ្លេងខ្មែរ ហើយវាក៏ជាផ្នែកមួយចូលរួមអភិរក្សវប្បធម៌ខ្មែរដែរ។

ទោះជាយ៉ាងនេះក្តី យុវជនរូបនេះកំពុងកង្វល់រឿងកង្វះវត្ថុធាតុដើមសម្រាប់ផលិតឧបករណ៍ភ្លេង ជាពិសេសប្រភេទឈើប្រណិតដូចជាបេង នាងនួន ក្រញូង ដែលកាន់តែខ្សត់ និងមានតម្លៃថ្លៃ។ ក្រៅពីវត្ថុធាតុដើម បញ្ហាដ៏សំខាន់មួយទៀតដែរនោះ គឺអ្នកដែលចេះធ្វើឧបករណ៍ភ្លេងនេះតែម្តង។ នេះជាការត្អូញត្អែរបស់លោក ប៊ុនលាប មុននឹងម្ចាស់អាជីវកម្មវ័យ២២ឆ្នាំរូបនេះ បន្តប្រាប់ThmeyThmey25ថា៖«អនាគតអាចនឹងមានបញ្ហាជាងបច្ចុប្បន្ន ព្រោះមានការថយចុះនូវវត្ថុធាតុដើម»៕





 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com