Thmey Thmey 25
«​ផ្ទះ​តា​ម៉ុក​» នៅ​ជាំ​តែ ខេត្តព្រះវិហារ ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ និង​មាន​សក្ដានុពល​លើ​ការស្រាវជ្រាវ​
28/10/2020 4:10 pm ព្រះវិហារ ​ព្រះវិហារ​៖ ផ្ទះ​តា​ម៉ុក ក្នុង​តំបន់​ជាំ​តែ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បានប្រែក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់ទាញ និង​មាន​សក្តានុពល​សម្រាប់​សិក្សា​ស្រាវជ្រាវ​។ ផ្ទះ​តា​ម៉ុក នៅ​តំបន់​ជាំ​តែ ជាទី​តាំង​បញ្ជា​ទ័ព​របស់​តា​ម៉ុក ក្នុង​របប​ប៉ុលពត ដែល​នៅ​ទីនោះ មានផ្ទះ​ពេទ្យ​, លេណដ្ឋាន​បញ្ជា​, ឃ្លាំង​ចាស់​, អាងទឹក និង​អណ្ដូងទឹក​។

«​ផ្ទះ​តា​ម៉ុក​» មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​សង់​អំពី​ឈើ ខាងក្រោម​ធ្វើ​អំពី​ឥ​ដ្ផ និង​សសរ​ជា​ឈើ​ក្រញូង​។ លោកតា ម៉ុក បាន​សាង​សងផ្ទះ​សម្រាក​មួយ មន្ទីរពេទ្យ លេណដ្ឋាន​ធ្វើ​អំពី​បេតុង អាងទឹក និង​ឃ្លាំង​បច្ចេកទេស​។ លោក ធៀ​ម ធាន មេបញ្ជាការរង​ប្រចាំ​តំបន់​ប្រតិបត្តិការ​ខេត្តព្រះវិហារ បញ្ជាក់ថា​៖ «​តាម​ការសិក្សា​ស្រាវជ្រាវ នា​ឆ្នាំ​១៩៩៣ ផ្ទះ​តា​ម៉ុក ត្រូវបាន​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​យកទៅ​កាន់កាប់ ក្រោយ​មាន​ការចចារ​គ្នា ឆ្នាំ​១៩៩៨ ទើបបាន​យកមក​កាន់កាប់​វិញ​»​។​

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​លោក ធៀ​ម ធាន មេបញ្ជាការរង​ប្រចាំ​តំបន់​ប្រតិបត្តិការ​ខេត្តព្រះវិហារ ដូចតទៅ​៖
 

​ដើមឡើយ តំបន់​នេះ ពុំ​អាច​ចូល​បានឡើយ ដោយសារ​បញ្ហា​ព្រំដែន ប៉ុន្តែ​ក្រោយពេល​មានការ​សម្របសម្រួល​ប​ញ្ហា​សន្តិសុខ និង​ដោះមីន​ដោយ​អាជ្ញាធរ​មីន តំបន់​នេះ​បាន​បើក​ដំណើរការ​នៅ​ខែសីហា ឆ្នាំ​២០២០ ដើម្បី​ផ្ដល់ឱកាស​ដល់​ភ្ញៀវទេសចរ​មក​ទស្សនា​។ បើតាម​លោក ធៀ​ម ធាន មេបញ្ជាការរង​ប្រចាំ​តំបន់​ប្រតិបត្តិការ​ខេត្តព្រះវិហារ រដ្ឋាភិបាល​បាន​ទុក​ដី​ចំនួន ៦ ហិកតា នៅ​តំបន់​នេះ ជា​តំបន់​ប្រវត្តិសាស្ត្រ ដើម្បី​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​។ 

​ភ្ញៀវទេសចរ​ភាគច្រើន មិនបាន​ដឹង​អំពី​ប្រវត្តិ​ដើមទង​ផ្ទះ​តា​ម៉ុក​ឡើយ ដោយ​ភាគច្រើន ស្គាល់​តែ​ផ្ទះ​តា​ម៉ុក នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ផ្ទះ​តា​ម៉ុក នា​តំបន់​ជាំ​តែ ត្រូវបាន​គ្រប់គ្រង​ដោយ​កងទ័ព ហើយ​ទីតាំង​នេះ ជា​ព្រំដែន​កម្ពុជា​-​ថៃ ជាំ​តែ​បុស្ស​ស្បូវ​៕ 




ដោយ៖ ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com