Thmey Thmey 25
សត្វក្រពើ ត្រូវបានប្រទះឃើញជាបន្តបន្ទាប់ អំឡុងពេលទឹកជំនន់
22/10/2020 5:59 pm សៀមរាប សៀមរាប៖ សត្វក្រពើមួយក្បាលទៀតហើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ និងហើមស្ទើររលួយ នៅចំណុចស្ពានមួយកន្លែង ក្នុងទីរួមស្រុកអង្គរជុំ ខេត្តសៀមរាប។

គួរកត់សម្គាល់ថា នាអំឡុងពេលទឹកជំនន់នេះ មានសត្វក្រពើ ៣ក្បាលហើយត្រូវបានប្រទះឃើញជាបន្តបន្ទាប់។ តាមបណ្តាញសារព័ត៌មាននានា ក្រពើមួយក្បាល ត្រូវបានគេដឹងថារួចចេញពីកសិដ្ឋានចិញ្ចឹមនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវគេចាប់បានវិញនៅយប់ថ្ងៃទី១៩តុលា។ មួយក្បាលទៀត ត្រូវបានប្រជាពលរដ្ឋចាប់បាន នៅក្នុងភូមិ២ សង្កាត់ទី២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២០ តុលា។ មួយក្បាលទៀតប្រទះឃើញនៅស្រុកអង្គរជុំ ខេត្តសៀមរាប។

សត្វក្រពើមួយក្បាលទៀតហើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ និងហើមស្ទើររលួយ នៅចំណុចស្ពានមួយកន្លែង ក្នុងទីរួមស្រុកអង្គរជុំ ខេត្តសៀមរាប។ នេះបើតាមលោក លុក ផុស អភិបាលស្រុកអង្គរជុំ។

សត្វក្រពើនោះ គឺអណ្ដែតមកពីកសិដ្ឋានចិញ្ចឹមក្រពើមួយ នៅក្នុងស្រុកអង្គរជុំនោះ ដែលបើតាមលោក សយ សារ៉ន ដែលជាម្ចាស់កសិដ្ឋាន ក្រពើនេះបានងាប់ តាំងពីយប់ថ្ងៃទី១៩តុលាមកម្ល៉េះ ប៉ុន្តែដោយសារទឹកជំនន់ទើបគាត់រកកន្លែងកប់វាមិនទាន់បាន។ លោក សារ៉ន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករដ្ឋបាលស្រុកអង្គរជុំទៀតថា ទឹកជំនន់កាន់តែឡើងរហូត គ្រែដែលដាក់សពក្រពើ និងរសាត់នាំយកសាកសពក្រពើនោះតែម្តង។ «ម្ចាស់ បានយកក្រពើដែលងាប់នោះ លើកចេញពីអាង មកដាក់លើគ្រែខាងក្រៅ។ ពុំទាន់បានយកទៅកប់នោះ ទេ ដោយសារទឹកជំនន់លិច គ្មានកន្លែងកប់ចោល។ ក្រោយមកទឹកជំនន់ឡើងកាន់តែច្រើន បណ្តាលឱ្យលិចគ្រែនោះ អណ្តែតសាកសពក្រពើ មិនដឹងជាទៅទីណា»។ នេះជាការពន្យល់របស់លោក សយ សារ៉នដដែល។ 

យ៉ាងណាក៏ដោយ អភិបាលស្រុកអង្គរជុំ សំណូមពរឱ្យប្រជាពលរដ្ឋ មានការការពារឱ្យបានត្រឹមត្រូវ ដោយមិនត្រូវចុះទឹកជ្រៅៗទេ ដោយបារម្ភពីហានិភ័យផ្សេងៗ។ 
 
ស្រុកអង្គរជុំជាស្រុកមួយក្នុងខេត្តសៀមរាប ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីតំបន់ខាងលើ នៃខេត្តឧត្តរមានជ័យ។ ជំនន់ទឹកភ្លៀងបានវាយប្រហារក្នុងស្រុកមួយនេះ ក្នុងសភាពខ្លាំងក្លា នារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ និង២០ តុលា។ បច្ចុប្បន្ន ទឹកបានស្រកជាបណ្ដើរៗខ្លះហើយ។ តាមការបញ្ជាក់ពីលោកអភិបាលស្រុក លោក លុក ផុស ឃុំចំនួន៦ក្នុងចំណោម៧នៃស្រុក រងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងនារយៈពេលខ្លីនេះ និងប៉ះពាល់ដល់គ្រួសារជាង៣ពាន់គ្រួសារ។

សូមជម្រាបផងដែរថា នេះគឺជាសត្វក្រពើទី៣ហើយ ដែលគេប្រទះឃើញក្នុងអំឡុងពេលទឹកជំនន់នេះ។ នៅភ្នំពេញ គេដឹងថាមានក្រពើមួយក្បាល បានរួចចេញពីកសិដ្ឋានចិញ្ចឹមនៅក្នុងសង្កាត់ព្រែកកំពឹស ក្នុងខណ្ឌដង្កោ ហើយត្រូវគេចាប់បានវិញ នៅយប់ថ្ងៃទី១៩ តុលា។ ចំណែកក្រពើមួយក្បាលមិនដឹងប្រភព ត្រូវបានប្រជាពលរដ្ឋចាប់បាន កាលពីយប់ថ្ងៃទី២០ តុលា នៅឯភូមិ២ សង្កាត់ទី២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ចំណែកមួយក្បាលទៀត គឺជាក្រពើដែលងាប់ហើម រកឃើញនៅព្រឹកថ្ងៃទី២២តុលា នៅទីរួមស្រុកអង្គរជុំ ខេត្តសៀមរាបនេះ៕
ដោយ៖ ថ្មីៗ២៥ © រក្សាសិទ្ធិដោយ thmeythmey25.com