Thmey Thmey 25
ក្មេងស្រី​ដែល​រអិល​ធ្លាក់​ទៅក្នុង​ទឹកជ្រោះ​ក្បាលឆាយ បាន​ស្លាប់បាត់​បង់ជីវិត
22/10/2020 12:59 pm ភ្នំពេញ ​ក្មេងស្រី​ម្នាក់​ឈ្មោះ រឿន បញ្ញា ដែល​រអិល​ជើង​ធ្លាក់​ទៅក្នុង​ល្បាក់ទឹក នៅ​រមណីយដ្ឋាន​ក្បាលឆាយ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​២១ តុលា បាន​ស្លាប់បាត់​បង់ជីវិត​។​

​សព​ក្មេងស្រី អាយុ​១៣​ឆ្នាំនេះ ត្រូវបាន​ក្រុមការងារ និង​អាជ្ញាធរ​ក្រុងព្រះសីហនុ រកឃើញ​នៅ​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី ២២ ខែតុលា​នេះ ក្រោម​ការដឹកនាំ​ដោយ អភិបាលខេត្ត​ព្រះសីហនុ​។ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ក្រុមមន្ត្រី​ជំនាញ​បានធ្វើ​កុសល​វិច័យ​លើ​សព​ក្មេងស្រី​នេះហើយ ដោយ​រកឃើញថា​ពិតជា​ស្លាប់​ដោយសារ​លង​ទឹក​មែន ។ សព​ក្មេងស្រី​ត្រូវបាន​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
 
​សូមបញ្ជាក់ថា ក្មេងស្រី​វ័យ​១៣​ឆ្នាំ និង​គ្រួសារ​មាន​ស្រុកកំណើត នៅក្នុង​ខេត្តបាត់ដំបង​។ ប៉ុន្តែ​ពួកគេ​បាន​ទៅ​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ឪពុក​មក​ធ្វើការ​សំណង់​នៅក្នុង​ខេត្ត​នេះ​។ នៅ​ថ្ងៃកើតហេតុ​គ្រួសារ​នេះ​បាន នាំគ្នា​មកលេង​នៅក្នុង​រមណីយដ្ឋាន​ក្បាលឆាយ​នេះ​៕
 
 
 
ដោយ៖ ប៉ូ សុភា​ © រក្សាសិទ្ធិដោយ thmeythmey25.com