Thmey Thmey 25
កសិករឆ្នើម វង្ស សារិទ្ធ ប្រាប់លក្ខណៈពិសេស ដើម្បីដាំស្រកានាគបានផលល្អ និងទិន្នផលខ្ពស់
22/10/2020 11:59 am កំពង់ចាម កំពង់ចាម៖ ដើម្បីទទួលបានផលល្អ និងទិន្នផលខ្ពស់ ទាមទារឲ្យកសិករយកចិត្តទុកដាក់លើការដាំដុះ និងថែទាំ។ បើតាមលោក វង្ស សារិទ្ធ ម្ចាស់ចម្ការស្រកានាគ នៅស្រុកចំការលើ ដំណាំស្រកានាគ ចាំបាច់ត្រូវការការថែទាំឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។ 

លោក វង្ស សារិទ្ធ ម្ចាស់ចម្ការស្រកានាគ នៅស្រុកចំការលើ អះអាងថា ការស្រោចទឹកជាប្រចាំ, ការថែទាំឲ្យបានត្រឹមត្រូវ, កាត់ស្មៅទៀងទាត់ និងបាញ់ថ្នាំបង្ការ ជាហេតុនាំឲ្យដើមស្រកានាគ មានសុខភាពល្អ និងទន្និផលខ្ពស់។ លោក សារិទ្ធ ប្រាប់សារព័ត៌មាន Thmey Thmey 25 ដូច្នេះ៖«ការថែទាំ យើងត្រូវមើលស្មៅតាមគុម្ព ដល់ពេលរដូវប្រាំងយើងស្រោចទឹក និងដាក់ជី។ កាលណា យើងមិនថែទាំវា វានឹងបរាជ័យ វាត្រូវការការថែទាំ»។ 

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក វង្ស សារិទ្ធ ម្ចាស់ចម្ការស្រកានាគ នៅស្រុកចំការលើ ខេត្តកំពង់ចាម៖ 
 

ម្ចាស់ចម្ការស្រកានាគ ដែលដាំដុះដើមស្រកានាគ ២៣០០គុម្ពលើផ្ទៃដី២ហិកតានេះ អាចប្រមូលផលប្រមាណ ២០តោនក្នុងមួយឆ្នាំ។ តាមរយៈទិន្នផលល្អបែបនេះ និងកង្វះខាតទីផ្សារ លោក សារិទ្ធ មានបំណងដាំដើមស្រកានាគបន្ថែម ខណៈការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។ បើតាមម្ចាស់ចម្ការស្រកានាគរូបនេះ ស្រកានាគរបស់លោក បាននាំចេញទៅរាជធានីភ្នំពេញ, ខេត្តព្រះវិហារ, រតនគិរី, សៀមរាប និងខេត្តកំពង់ចាម។ 

សម្រាប់ដំណាំស្រកានាគនេះ កសិករ វង្ស សារិទ្ធ ចាត់ទុកស្រកានាគជាទ្រព្យសម្បត្តិដ៏ធំ ដែលផ្ដល់ប្រាក់ចំណូលជារៀងរាល់ឆ្នាំ។ តាមរយៈបទពិសោធន៍នៃការដាំដុះដើមស្រកានាគ លោក សារិទ្ធ ចែករំលែកដូច្នេះ៖ «ទោះបីស្រកានាគ ធន់នឹងទឹក វានៅតែត្រូវការទឹកជាប្រចាំ។ នៅពេលដែលមានទឹកគ្រប់គ្រាន់ នឹងធ្វើឲ្យផ្លែស្រកានាគ មានទំហំធំ។ ហើយផ្លែស្រកានាគ គេចាប់ប្រមូលផលពីដើមខែមេសា ដល់ខែវិច្ឆិកា»៕ 



 
ដោយ៖ ញឹក ស្រីល័ក្ខ © រក្សាសិទ្ធិដោយ thmeythmey25.com