Thmey Thmey 25
ប្រទះឃើញកូនទាព្រៃស្លាបស៥ក្បាល ដែលជាប្រភេទសត្វជិតផុតពូជ នៅក្នុងខេត្តព្រះវិហារ 
22/10/2020 8:59 am ភ្នំពេញ កូនទាព្រៃស្លាបសចំនួន៥ក្បាល ត្រូវបានប្រទះឃើញ នៅដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ តាមអង្គការអភិរក្សសត្វព្រៃ (WCS) កូនទាទាំងនេះ ត្រូវបានប្រទះឃើញនៅពេលពួកវា ចាកចេញពីសំបុកដែលធ្វើនៅក្នុងរន្ធដើមឈើជាមួយមេរបស់វា។ «ទាព្រៃស្លាបស» ត្រូវបានកត់ត្រាក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ នៅលើពិភពលោក។ គេប៉ាន់ស្មានថាសត្វនេះ មានតិចជាង១ពាន់ក្បាលប៉ុណ្ណោះ ក្នុងពិភពលោក។

ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យសត្វព្រៃនៃអង្គការអភិរក្សសត្វព្រៃ (WCS) បានរកឃើញកូនទាព្រៃស្លាបសនេះ ខណៈពេលវាបានចាកចេញពីសំបុករបស់វាក្នុងរន្ធដើមឈើជាមួយមេរបស់វា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS កូនទាព្រៃស្លាបសទាំងនេះ គឺជាកូនទាព្រៃស្លាបស ដែលក្រុមការងារខ្លួនបានតាមដាននៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ 

លោក ម៉ៅ ឃៀន ដែលបានដឹកនាំការតំឡើងម៉ាស៊ីនថតសត្វព្រៃស្វ័យប្រវត្ថិនៅខេត្តព្រះវិហារ បានអះអាងថា ការតំឡើងម៉ាស៊ីនថតសត្វនៅក្បែរសំបុកវានេះ គឺមិនចង់មានការរំខានដល់ទាព្រៃស្លាបស។ លោកបន្ថែមថា ទាព្រៃស្លាបសនេះចូលចិត្ត ធ្វើសំបុក នៅក្នុងរន្ធឈើ លើដើមឈើចាស់ៗ។ តែដើមឈើប្រភេទនេះ  ប្រឈមនឹងការកាប់យកលក់ខុសច្បាប់។

 «សំបុកទាព្រៃស្លាបស ស្ថិតនៅកម្ពស់៤ម៉ែត្រពីដី ដូច្នេះការថតយកសកម្មភាពទាព្រៃស្លាបសនៅក្នុងសំបុករបស់វាមិនងាយស្រួលទេ។ តែទោះយ៉ាងណា ក្រុមការងារស្រាវជ្រាវជីវៈចម្រុះសហគមន៍អាចដាក់ពង្រាយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិចំនួនពីរ នៅក្បែរសំបុក ហើយលទ្ធផលទទួលបានគឺគួរឱ្យភ្ញាក់ផ្អើល»។ នេះជាការបញ្ជាក់របស់លោក ម៉ៅ ឃៀន។ 

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកភូមិដែលរស់នៅទីនោះ បានទទួលការអប់រំអំពីស្ថានភាព នឹងសារៈសំខាន់របស់ទាព្រៃស្លាបស និងបានចូលរួមសង្រ្គោះមេទាព្រៃស្លាបសមួយក្បាល ក្នុងរដូវជម្រុះរោម ហើយក្នុងឆ្នាំ២០១៩ ពលរដ្ឋនៅទីនោះ បានជួយសង្គ្រោះមេទាព្រៃស្លាបសនេះម្ដងទៀត ក្នុងអំឡុងពេកវាផ្លាស់រោម។ 
កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅ មេទាព្រៃស្លាបស ត្រូវបានលែងចូលព្រៃធម្មជាតិម្ដងទៀតវិញ បន្ទាប់ពីវាដុះរោមពេញខ្លួន នៅមជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ។

មួយខែក្រោយមក ពោលគឺ នៅខែកក្កដា អង្គការWCS មានការភ្ញាក់ផ្អើល ដោយបានឃើញមេទាព្រៃស្លាបសមួយក្បាល ផ្សេងទៀតមកក្រាបពង នៅក្នុងសំបុករបស់មេទាព្រៃស្លាបសមុន។ មេទាព្រៃស្លាបសថ្មីនេះ ញាស់បានពងចំនួន៥។  

បើតាមលោក សាយម៉ុន ម៉ាហ៊ូដ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការWCS  សត្វទាព្រៃស្លាបស គឺជាប្រភេទសត្វព្រៃដ៏សំខាន់។ ទីជម្រករបស់វាមានលក្ខណៈ ពិសេសហើយយើងត្រូវអភិរក្សទីជម្របទាំងនេះ ដើម្បីការពារប្រភេទសត្វនេះ ព្រមទាំងប្រភេទសត្វដទៃទៀត។ លោកបានបញ្ជាក់ដូច្នេះថា៖« លទ្ធផលនៃការអង្កេតតាមដាននេះ មានលក្ខណៈវិជ្ជមាន និងបង្ហាញច្បាស់ថា ដោយមានការចូលរួមពីសហគមន៍ និងមានកិច្ចសហការរឹងមាំក្នុងភាពជាដៃគូរវាងភាគីពាក់ព័ន្ធទាំងអស់ ធ្វើឱ្យកិច្ចប្រឹងប្រែងអភិរក្សអាចទទួលបានជោគជ័យ»៕ 
ដោយ៖ អ៊ុត រស្មី © រក្សាសិទ្ធិដោយ thmeythmey25.com