Thmey Thmey 25
អ្នកស្លាប់ដោយសារទឹកជំនន់កើនដល់៣៤នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យមាន១៨នាក់ 
21/10/2020 5:59 pm ភ្នំពេញ យ៉ាងហោចណាស់ មានមនុស្សចំនួន៣៤នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ ខេត្តបន្ទាយជ័យមានអ្នកស្លាប់ ច្រើនជា គឺដល់តៅ១៨នាក់។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធីចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២១ ខែតុលា។
 
ជនរងគ្រោះដែលបានបាត់បង់ជីវិត ដោយសារទឹកជំនន់បានកើនដល់៣៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២១ តុលា។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ គឺដល់ ១៨នាក់។ នេះបើតាមប្រសាសន៍របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធីចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២១ ខែតុលា។

ក្រៅពីកំណើនជនរងគ្រោះដែលស្លាប់ជាបន្តបន្ទាប់ ទឹកជំនន់ ក៏បានប៉ះពាល់ដល់ពលរដ្ឋ ជាង៤០ម៉ឺននាក់  និងដំណាំកសិកម្មជាង ៣០ម៉ឺនហិកតា បានប៉ះពាល់។  តាមរបាយការណ៍គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី-ខេត្តដែលរងគ្រោះមានចំនួន ១៩ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ ប៉ៃលិន កណ្តាល ភ្នំពេញ សៀមរាប ព្រះសីហនុ ខេត្តកំពង់ធំ ស្វាយរៀង ឧត្តរមានជ័យ តាកែវ មណ្ឌលគិរី កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម និងខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធនឹងទឹកជំនន់នេះដែរ នៅក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះ ក្នុងខេត្តបន្ទាយមានជ័យ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យយោគយល់បន្ថែមទៀត សម្រាប់អ្នកដែលលិចលង់ ដោយសារគ្រោះទឹកជំនន់ ដូចជាការបន្ធូរបន្ថយពេលសង កាត់បន្ថយអត្រាការប្រាក់ និងកុំរឹបអូសទ្រព្យបញ្ចាំ បើសិនអ្នកខ្ចី មិនមានលទ្ធភាពសង ដោយសារគ្រោះទឹកជំនន់៕
 
ដោយ៖ ជឿន ស្រីណយ © រក្សាសិទ្ធិដោយ thmeythmey25.com