Thmey Thmey 25
កម្ពុជា ជំរុញវិនិយោគិនពីខេត្តសានតុង មកបោះទុនលើផ្នែកកសិកម្ម ដើម្បីនាំចេញទៅចិន
25/09/2020 12:59 pm ភ្នំពេញ ភ្នំពេញ៖ កម្ពុជា ជំរុញវិនិយោគិនពីខេត្តសានតុង មកបោះទុនលើផ្នែកកសិកម្ម ដើម្បីនាំចេញទៅចិន។សានតុង ជាខេត្តមានសក្តានុពលសេដ្ឋកិច្ចមួយរបស់ចិន។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

កម្ពុជាបានសម្លឹងឃើញផលប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀតពីចិន តាមរយៈខេត្តសានតុងដែលមានសក្តានុពលលើវិស័យគ្រឿងចក្រ សម្រាប់យកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាអ្នកចូលរួមក្នុងកិច្ចប្រជុំរវាង លោក Li Ganjie អភិបាលខេត្តសានតុងនៃប្រទេសចិន ជាមួយតំណាងប្រទេសអាស៊ានប្រចាំឆ្នាំ២០២០  បានប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជាពិតជាត្រូវការអ្នកវិនិយោគពីខេត្តសានតុងរបស់ចិន ក្នុងការវិនិយោគលើវិស័យកសិកម្ម ដូចជា ការវិនិយោគលើការកែច្នៃផលិតផលកសិកម្មសម្រេច ការថែរក្សាកសិផលឱ្យមានគុណភាព និងការវេចខ្ចប់...ជាដើម សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

កាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឈរនៅលំដាប់ថ្នាក់ខ្ពស់បំផុត ដោយបានការកើនឡើងរហូតដល់ ៨,៥៦ពាន់លានដុល្លារ។ ក្នុងនោះចិននាំចេញមកកម្ពុជាមាន ៧,៥៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចូលទៅចិន ១ ពាន់លានដុល្លារ។ ដោយឡែកការនាំចេញ-ចូលរវាងកម្ពុជា និងខេត្តសានតុងវិញ គឺកម្ពុជានាំចេញទៅខេត្តសានតុង ៣៤លានដុល្លារ និងនាំចូលពីខេត្តសានតុងមកវិញ ៤១៤ លានដុល្លារ ។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។ 

កម្ពុជា-ចិន បានប្តេជ្ញារួមគ្នា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឱ្យឡើងដល់១០ពាន់លានដុល្លារ ដែលត្រូវសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០២៣ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ នឹងត្រូវចុះហត្ថលេខា នាពេលឆាប់ៗខាងមុខនេះ៕ 
 
ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com