Thmey Thmey 25
រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងពិន័យអ្នកចោលសំរាមតាមទីសាធារណៈ
24/09/2020 2:59 pm សៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅទីសាធារណៈ និងហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព ក៏ដូចជាគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
 
ក្រោយរៀបចំអស់រយៈពេលជាច្រើនខែ ទីបំផុតរដ្ឋបាលស្រុកបន្ទាយស្រីបានដាក់ដំណើរការឡដុតសំរាមរួមមួយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់ភូមិក្នុងស្រុកបន្ទាយស្រី អាចយកសម្រាមមកដុតដោយឥតគិតថ្លៃ។ គោលដៅធំក្នុងការរៀបចំឱ្យមានឡដុតសំរាមនេះឡើង គឺដើម្បីកាត់បន្ថយការចោលសម្រាមយ៉ាងអនាធិបតេយ្យនៅតាមភូមិស្រុក។ 

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បាននិយាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «ក្រោយពេលដែលយន្តការថ្មីនេះដំណើរទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យ ចំពោះជនណា ដែលបន្តចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ និងហាមឃាត់មិនឱ្យមានការដុតសម្រាមនៅតាមផ្ទះរៀងៗខ្លួន ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន»។

លោកអភិបាលស្រុករូបនេះ បានបន្តទៀតថា ចំពោះគម្រោងដែលបានបង្កើតឡើងនេះ ប្រជាពលរដ្ឋមិនចាំបាត់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ឬដឹកយកទៅចាក់ចោលតាមដីទំនេរពាសវាលពាសកាលទៀតនោះទេ។ ពោល ប្រជាពលរដ្ឋគ្រាន់តែរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នោះក្រុមការងារឃុំ និងស្រុកនឹងប្រមូលយកទៅដុតនៅឡរួមនេះជាប្រចាំ។ 

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅ រដ្ឋបាលស្រុកបន្ទាយស្រី ក៏ធ្លាប់បង្កើតឱ្យមានចលនាភូមិស្អាតម្ដងរួចមកហើយ  ដោយតម្រូវឱ្យគ្រប់ភូមិនៃស្រុកបន្ទាយស្រី សម្អាតនិងប្រមូលសំរាមនៅក្នុងភូមិរបស់ខ្លួនរៀងរាល់មួយខែម្ដង។ ការធ្វើបែបនេះ ជាផ្នែកមួយនៃការលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តកាន់តែច្រើន៕


 
ដោយ៖ ង៉ាយ ណៃ © រក្សាសិទ្ធិដោយ thmeythmey25.com