Thmey Thmey 25
មន្ទីរទេសចរណ៍ ប្រាប់មូលហេតុដែលទេសចរជាង៧ម៉ឺននាក់ ទៅលេងខេត្តពោធិ៍សាត់ នាបុណ្យភ្ជុំបិណ្ឌ
20/09/2020 9:00 am ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានទាក់ទាញទេសចរជាង៧ម៉ឺននាក់ ឲ្យទៅកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺពីថ្ងៃទី១៦ ដល់១៨ខែកញ្ញា។ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានThmeyThmey25ថា មូលហេតុដែលទេសចរទៅកម្សាន្តនៅខេត្តនេះច្រើនព្រោះ សក្តានុពលធម្មជាតិ បដិសណ្ឋារកិច្ចល្អ និងហេដ្ឋរចនាសម្ព័ន្ធមានភាពប្រសើរឡើង។

រយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរ ប្រមាណ៧.២ម៉ឺននាក់ បានទៅកម្សាន្តនៅពោធិ៍សាត់។ មូលហេតុដែលខេត្តនេះអាចទាក់ទាញបានទេសចរច្រើនដូច្នេះ ត្រូវបានលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ពន្យល់ថាមកពី សក្តានុពលទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ផលិតផលទេសចរណ៍នៅក្នុងខេត្តនេះកាន់តែសម្បូរបែប។ លើសពីនេះ កត្តាហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ការផ្សព្វផ្សាយកាន់តែទូលាយ រួមនឹងបដិសណ្ឋារកិច្ចល្អ ដល់ភ្ញៀវទេសចរ ក៏បានរួមចំណែកទាក់ទាញភ្ញៀវទេសចរ  ឲ្យទៅកម្សាន្តនៅក្នុងខេត្តពោធិ៍សាត់ផងដែរ។   ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ប្រាប់សារព័ត៌មានThmeyThmey25 ។ 
 
ដ្បិតតែទទួលបានលំហូរទេសចរច្រើន នៅក្នុងរយៈពេល៣ថ្ងៃ ប៉ុន្តែ សំរាមមិនបានចោទជាបញ្ហាសម្រាប់ខេត្តពោធិ៍សាត់នោះឡើយ។ នេះជាការអះអាងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្ត ដោយលោកពន្យល់ដូច្នេះ៖«ពេលមានទេសចរច្រើន គឺជៀសមិនផុតពីបញ្ហាសំរាមនោះទេ ប៉ុន្តែភ្ញៀវទេសចរគាត់មានការយល់ដឹងច្រើន ហើយមន្ទីរបានរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗ»។
 
តាម លោក សំ ឃីម តំបន់ទេសចរណ៍ដែលមានភ្ញៀវទៅលេងច្រើនជាងគេក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ មានរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិភ្នំនាគស រីសតតាលោសែនជ័យ រមណីយដ្ឋានទំនប់ឈើតោក បូជនីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង និងរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច៕
ដោយ៖ ជឿន ស្រីណយ © រក្សាសិទ្ធិដោយ thmeythmey25.com