Thmey Thmey 25
ហាង​បន្លែ​-​ផ្លែឈើ​ធម្មជាតិ​មួយ​នៅ​ភ្នំពេញ អាច​លក់បាន​ប្រមាណ ៧០០​គីឡូ​ក្នុង​មួយថ្ងៃ​
17/09/2020 12:00 pm ភ្នំពេញ ​ភ្នំពេញ​៖ កសិដ្ឋាន​ធម្មជាតិ បានចាប់ផ្តើម​ប្រមូល​ទិញ​បន្លែ ផ្លែឈើ​ពី​សហគមន៍​បន្លែ​ខេត្តកណ្តាល និង​តាម​បណ្តា​ខេត្ត​នានា មក​លក់​ឲ្យ​អតិថិជន​នៅ​រាជធានី​ភ្នំពេញ រយៈពេល​១០​ឆ្នាំ​ហើយ​។ បច្ចុប្បន្ន​ហាង​របស់លោក មានការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន ខណៈ​ការលក់​ចេញ​បន្លែ ផ្លែឈើ​ធម្មជាតិ​ជាប្រចាំ​ថ្ងៃ​បាន​ប្រមាណ​៧០០-៨០០ គីឡូក្រាម​ក្នុង​មួយថ្ងៃ​។​

​លោក ហម គ្រឹ​ស្នា គឺជា​ម្ចាស់​ហាង​លក់​បន្លែ ផ្លែឈើ​ធម្មជាតិ ដែលមាន​ឈ្មោះ​«​កសិដ្ឋាន​ធម្មជាតិ​»​។ លោក ហម គ្រឹ​ស្នា  បាន​ប្រាប់​សារព័ត៌មាន​Thmeythmey25 លោក​បាន​សម្រេចចិត្ត បើក​«​កសិដ្ឋាន​ធម្មជាតិ​» ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នេះ រយៈពេល​១០​ឆ្នាំ​ហើយ ពោលគឺ​តាំងពី​ឆ្នាំ​២០១០​។

​បច្ចុប្បន្ន កសិដ្ឋាន​ធម្មជាតិ អាច​លក់​ចេញ​នូវ​បន្លែ ផ្លែឈើ​ធម្មជាតិ ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន បាន​ប្រមាណ ៧០០​គីឡូក្រាម ក្នុង​មួយថ្ងៃៗ​។ នេះ​បើតាម​ការអះអាង​របស់​លោក គ្រឹ​ស្នា ដែល​បន្ត​បញ្ជាក់ប្រាប់ Thmeythmey25 ថា​៖«​បច្ចុប្បន្ន​អ្នក​ដាំ​បន្លែ ផ្លែឈើ ធម្មជាតិ​មានការ​កើនឡើង ចំនួន​អ្នកគាំទ្រ​បន្លែ ផ្លែឈើ​ធម្មជាតិ​ក៏មាន​ច្រើន ដោយ​ពលរដ្ឋ​មាន​យល់ដឹង​កាន់​ខ្ពស់​ពី​សុខភាព ជាហេតុ​ចំនួន​ហាង​លក់​បន្លែ ផ្លែឈើ ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ដូចគ្នា​»​។​

​លោក ហម គ្រឹ​ស្នា បន្តទៀតថា បន្លែ​ដែលមាន​លក់​នៅក្នុង​ហាង ភាគច្រើន​នាំ​មកពី​សហគមន៍​បន្លែ​ក្នុង​ខេត្តកណ្ដាល លើកលែងតែ​ខ្ទឹមបារាំង ការ៉ុត និង​ស្ពៃបូកគោ ដែល​ត្រូវបាន​នាំចូល​ពី​បរទេស​។ ចំណែកឯ​ផ្លែឈើ​វិញ គឺ​សុទ្ធសឹងតែ​ជា​ផ្លែឈើ​ដែល​ដាំ​ដុះ​នៅ​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

​ម្ចាស់​ហាង​កសិក​ដ្ឋា​ន​ធម្មជាតិ បញ្ជាក់ទៀតថា ក្រៅពី​មាន​បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ កសិដ្ឋាន​ធម្មជាតិ​ក៏មាន​ត្រី សាច់ គ្រឿងទេស​គ្រប់​ប្រភេទ​ផងដែរ ដែល​ភាគច្រើន​ជា​ផលិតផល​ខ្មែរ​។​

​បើទោះបី​ប្រក​បរបរ​នេះ​ច្រើន​ឆ្នាំ​ក្ដី តែ​ក្នុង​អាជីវកម្ម​លោក ក៏​ធ្លាប់​ជួប​បញ្ហា​មួយចំនួន​ដែរ ពិសេស​នៅ​រដូវប្រាំង ដោយ​ការប្រមូល​ផល​ពី​កសិករ មិន​គ្រប់​តាម​តម្រូវការ​របស់​អតិថិជន​។ លោក​បាន​ប្រាប់​ដូច្នេះ​៖«​ចាប់ផ្ដើម​ដំណើរការ​ដំបូង ចំនួន​ពលរដ្ឋ​ខ្មែរ​អ្នក​គ្រាំទ្រ​បន្លែ​ធម្មជាតិ​មិនសូវមាន​ច្រើន​ទេ ភាគច្រើន​ជា​ជនជាតិ​បរទេស​។ តែបើ​ធៀប​នឹង​រយៈពេល​ចុងក្រោយ ពលរដ្ឋ​ខ្មែរ​មានការ​គាំទ្រ​បន្លែ​ធម្មជាតិ​ច្រើន​»​។

​ដោយមាន​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន គាំទ្រ​បន្លែ ផ្លែឈើ​ធម្មជាតិ​នេះហើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ហាង​«​កសិដ្ឋាន​ធម្មជាតិ​»​បាន​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ ប្រមាណ ៧០០ ទៅ ៨០០​គីឡូ​ក្រោម ក្នុង​មួយថ្ងៃ​នោះ​៕




ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com