Thmey Thmey 25
គ្រូ​ម្នាក់ និង​សិស្ស​៣​នាក់ របួស​ដោយសារ​ការផ្ទុះ​គ្រាប់ B៦០ នៅ​វិទ្យាល័យ​អន្លង់វែង​
30/11/-0001 12:00 am ឧត្តរមានជ័យ ឧ​ត្ត​រ​មានជ័យ៖ គ្រូបង្រៀន​ម្នាក់ និង​សិស្ស​ចំនួន​៣​នាក់​រងរបួស​ធ្ងន់ ដោយសារ​ឧប្បទ្ទវហេតុ​ផ្ទុះ​គ្រាប់បែក​មួយ នៅក្នុង​វិទ្យាល័យ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​២១ ធ្នូ​នេះ ។​

​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ស ថា​វី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ករណី​ផ្ទុះ​គ្រាប់​នេះ បាន​កើតឡើង​នៅពេលដែល​គ្រូ និង​សិស្ស នាំគ្នា​សំអាត​អនាម័យ​នៅក្នុង​ទីធ្លា​សាលារៀន ដោយ​ប្រមូល​សំរាម​យកទៅ​ដុតចោល ប៉ុន្តែ​ទំនង​ចំ​កន្លែង​គ្រាប់​កប់​ក្នុង​ដី ទើប​បង្ក​ឲ្យ​មាន​ករណី​ផ្ទុះ​គ្រាប់​ឡើង​តែម្ដង​។ បើតាម លោក ស ថា​វី គ្រាប់​ដែល​ផ្ទុះ​នេះ គឺជា​ប្រភេទ​គ្រាប់ B៦០ ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​។​



​តែ​យ៉ាងណា​ជនរងគ្រោះ​ទាំង​៤​នាក់​នេះ ត្រូវបាន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ហើយ​។ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ្រូបង្រៀន​ត្រូវរបួស​ខ្នង​២​កន្លែង ហើយ​កូនសិស្ស​ត្រូវរបួស​ជើង ខ្នង មាត់ ហើយ​យើង​បាន​បញ្ជូន​គាត់​៣​នាក់​ទី​មន្ទីរពេទ្យ​នៅ​ខេត្ត និង​ម្នាក់​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ខេត្តសៀមរាប​។ ហើយ​ខ្ញុំ​ផ្ទាល់​ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ពួកគាត់​ផងដែរ​»​។​

​បន្ថែម​ពីលើ​នេះ​លោក ស ថា​វី បាន​និយាយថា ស្ថានភាព​ដី​នៅ​តំបន់​មួយចំនួន នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ នៅ​ទទួលរង​ផលប៉ះពាល់​ពី​អាវុធ​មិនទាន់​ផ្ទុះ​នៅក្នុង​ដី ដែល​កំពុង​គំរាមកំហែង​ជីវិត​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​។ លោក ស ថា​វី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​លើ​បញ្ហា​គ្រាប់​កប់​ក្នុង​ដី​នេះ ហើយ​រួមសហការ​ជាមួយ​អាជ្ញាធរ ក្នុងការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​៕

ដោយ៖ 53 © រក្សាសិទ្ធិដោយ thmeythmey25.com